កណ្ដាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃ ពុធ០១ កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៤០នាទី មានករណីរំលោភលើទំនុកចិត្តនៅចំណុចភូមិ ដើមឬស ឃុំដើមឬស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ខាន សាមិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មេជាងភ្លើង ។ មានទីលំនៅភូមិ ទួលកណ្តាល ឃុំ ព្រៃខ្លា ស្រុក កោះអណ្ដែត ខេត្តតាកែវ ។ ស្នាក់នៅផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ ។ ជនសង្ស័យឈ្មោះ ចាន់ គារ៉ា ភេទប្រុស អាយុ៣០ ឆ្នាំ មុខរបរ គ្រូបង្រៀនទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិ ចុងថ្នល់ខាងលិច សង្កាត់ ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ( ឃាត់ខ្លួន) ។
វត្ថុតាងចាប់យក៖ ១-កាបូបដៃ ពណ៌ខ្មៅ ចំនួន០១ ,២-ប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ០១ សន្លឹក, ៣-ប័ណ្ណចាក់វ៉ាក់សាំងកូវីត-១៩ ០១ សន្លឹក,៤-AEON CARD ០១ សន្លឹក,៥-កាតធនាគារ ABA ០១ សន្លឹក, ៦-ទូរស័ព្ទដៃម៉ាក Nokia អិនចុចពិល ពណ៌ខ្មៅ ០១ គ្រឿង ។
សម្ភារៈបាត់បង់រួមមាន៖ -ម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ ២០១៧ ពណ៌ ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GE 2119។ -លុយចំនួន ១០០ដុល្លារ ។
ដំណើររឿងហេតុ៖ នៅថ្ងៃកើតហេតុវេលាម៉ោង ៧និង១០នាទី ជនរងគ្រោះបានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះជួលដើម្បីទៅធ្វើការនៅកន្លែងកើតហេតុ ដោយឌុបគ្នាបីនាក់ ម្នាក់ឈ្មោះ ម៉ាក វណ្តេត និងម្នាក់ទៀត ចាន់ គារ៉ា (ជនសង្ស័យ) ពេលទៅដល់កន្លែងធ្វើការជនរងគ្រោះ និងជនសង្ស័យបានធ្វើការផ្នែកជាងភ្លើងជាមួយគ្នា លុះដល់ម៉ោង០៩និង៤៨នាទី ជនសង្ស័យបានមកខ្ចីម៉ូតូរបស់ជនរងគ្រោះ ដោយប្រាប់ថា ”មានការចេញទៅក្រៅមួយភ្លែត” ពេលនោះជនរងគ្រោះបានហុចសោម៉ូតូ និងលុយចំនួន១០០$ (ដុល្លារសហរដ្ឋអាមេរិក) ដើម្បីយកទៅដូរ រួចជនសង្ស័យបានជិះម៉ូតូចេញទៅបាត់ មួយសន្ទុះក្រោយមកជនសង្ស័យបានទូរស័ព្ទប្រាប់ជនរងគ្រោះថា ”ដូរលុយបានហើយ តែមិនទាន់បានទៅវិញទេព្រោះមានធុរៈបន្ត” លុះជនរងគ្រោះចាំមើលផ្លូវយូរពេកមិនឃើញ ជនសង្ស័យត្រលប់មកវិញ ជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យពេលនោះ ជនសង្ស័យបានលើកទូរស័ព្ទហើយ ប្រាប់ថា ”ខ្ញុំមានរឿងជាមួយគ្រួសារខ្ញុំ ប្រពន្ធខ្ញុំមករករឿងដល់កន្លែងការងារ” ពេលនោះជនរងគ្រោះបានប្រាប់ថា”ចាំដោះស្រាយចប់ការងារចាំយកមក” រួចជនរងគ្រោះក៏អង្គុយរង់ចាំរហូតដល់ម៉ោង១៦និង៤០នាទី ជនរងគ្រោះបានតេទូរស័ព្ទទៅជនសង្ស័យទៀតតែជនសង្ស័យមិនលើកទូរស័ព្ទ លុះដល់ម៉ោង១៨និង០០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្នបាលឃុំ ដើមឬស ។
រហូតដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដើមឬសបានទាក់ទងជនសង្ស័យអោយមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដើមឬស ដើម្បីសាក់សួរ ។ ក្រោយការសាកសួររួច ជនសង្ស័យបានសារភាពខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវ ក្នុងតម្លៃ ៦០០ដុល្លារ ដើម្បីយកទៅសងគេ និងយកទៅលេងល្បែងស៊ីសង (ជល់មាន់) រួចបានបញ្ជូនជនសង្ស័យបញ្ជូនមកកាន់អធិការដ្ឋាន ដើម្បីបន្តចាត់ការបន្តតាមនីតិវិធី ៕
មតិយោបល់