ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

លោក ជុំ មី បានចោទសំណួរទៅកាន់ជនជាប់ចោទ នួន ជា នៅចុងបញ្ចប់នៃការផ្តល់សក្ខីកម្មរបស់ខ្លួន

(ភ្នំពេញ)៖អតីតអ្នកទោសគុកទួលស្លែង លោកជុំ មី បានចោទសំណួរទៅកាន់ជនជាប់ចោទ នួន ជា នៅចុងបញ្ចប់នៃការផ្តល់សក្ខីកម្មរបស់ខ្លួននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៦ នេះ ទាក់ទងនឹងមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែង និងដំណើរទស្សនកិច្ចមួយចំនួនរបស់លោកខៀវ សំផន នៅអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យដើម្បីបញ្ជាក់ថាអ្វីដែលលោកបានដឹង បានឃើញគឺជាការពិត និងជាអ្នកទោសគុកទួលស្លែងមួយរូបដែលបានរួចរស់ជីវិតពីការសម្លាប់របស់ក្រុមខ្មែរក្រហម ខណៈក្រុមមេធាវីការពារក្តីព្យាយាមនៅក្នុងការសួរផ្ទុញលោក និងបានព្យាយាមបង្ហាញថាលោកមិនមែនជាអ្នកទោសគុកទួលស្លែង។

តាមរយៈប្រធានអង្គជំនុំជម្រះសាលាដំបូង ជនរងគ្រោះ ជុំ ម៉ី បានសួរទៅជនជាប់ចោទ នួន ជា ថាក្នុងនាមគាត់ ជាថ្នាក់ដឹកនាំខ្ពស់នៃរបបខ្មែរក្រហមតើលោកមានដឹងថាទួលស្លែងស្ថិតនៅកន្លែងណា មានទំហំប៉ុនណា និងលោកនួន ជា មានបានទាក់ទងជាមួយឌុចប្រធានគុកទួលស្លែងជំនាន់នោះដែរឬទេ? លោក ជុំ ម៉ី ក៏បានសួរជនជាប់ចោទ នួន ជា អំពីការចូលរួមរបស់គាត់ ក្នុងកិច្ចប្រជុំនៅបុរីកីឡាដែលនៅពេលនោះលោកជុំ ម៉ី បានថ្លែងថាជនជាប់ចោទ នួន ជា បាននិយាយថា «សមមិត្តណាដែលមិនទាន់ជ្រះស្រឡះពីពួកចក្រពត្តិ សូមរាយការណ៍ជូនបក្ស បក្សនឹងលើកលែងទោស»។

ជនរងគ្រោះដែលរួចរស់ជីវិតពីមន្ទីរសន្តិសុខ ស-២១ ឬគុកទួលស្លែងរូបនេះក៏បានចោទសំណួរទៅកាន់ជន ជាប់ចោទ ខៀវ សំផន ផងដែរ។ ខៀវ សំផនដែលលោកជុំ មី បានឃើញទៅធ្វើទស្សនកិច្ចនៅតំបន់ផ្សារអូរឫស្សី និងនៅកន្លែងផ្សេងៗទៀតនៅអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ ហើយលោកជុំ ម៉ី ខ្លួនឯងមិនទាន់ត្រូវបានខ្មែរក្រហមចាប់ខ្លួនមកឃុំឃាំងនៅគុកទួលស្លែង។ លោក ជុំ មី បានសួរទៅលោកខៀវ សំផន ថា៖ «តើលោក មានបានចូលទៅផ្សារអូរឫស្សី និងបានប្រាប់ទៅនារីដែលដាំបាយថាដាំបាយឱ្យច្រើនដើម្បីយកជូនប្រជាជនមកពី បូព៌ា និងមានបានទៅរទេះភ្លើងដើម្បីចែកបាយដល់ប្រជាជនមកពីស្វាយរៀង និងខេត្តព្រៃវែងទេ?»។

ប៉ុន្តែ សំណួរនេះនៅតែគ្មាន ការឆ្លើយតបពីសំណាក់ជនជាប់ចោទដោយសារតែ នួន ជា និងខៀវ សំផន នៅតែរក្សាសិទ្ធិ មិនឆ្លើយតប នឹងសំណួរទាំងឡាយរបស់ភាគីនានា។ ក្នុងសក្ខីកម្មរបស់ខ្លួននៅថ្ងៃទី១៨ ខែមេសា ក៏ដូចជានៅថ្ងៃទី១៩ ខែមេសា លោក ជុំ មី នៅតែអះអាងថា ដោយសារតែលោកចេះជួសជុលគ្រឿងអគ្គិសនីជាពិសសជួសជុលម៉ាស៊ីនអង្គុលីលេខ គាត់ត្រូវបានគេរក្សាទុកប្រើសិនមិនទាន់សម្លាប់ ចោលទេ ក្រោយពីលោកបានសារភាពទាំងបង្ខំថាជាក្រុមគិញសម្ងាត់ដែលគេបានចោទប្រកាន់។

លោកថ្លែងថា ជីវិតរបស់លោករស់បានដល់សព្វថ្ងៃនេះ គឺដោយសារតែកម្លាំងកងទ័ពរណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានរំដោះថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩ បានជួយរំដោះ។ លោក បានថ្លែងថា រូបលោកវេទនាខ្លាំងណាស់ និងបានបាត់បង់ប្រពន្ធកូន និងសមាជិកគ្រួសារជាច្រើនទៀត។ លោក ជុំ មី បានថ្លែងថាអតីតអ្នកទោសដែលរួចរស់ជីវិតពីមន្ទីរស-២១ ចំនួន ៧ នាក់ បច្ចុប្បន្ននេះ នៅរស់តែ ២ នាក់ប៉ុណ្ណោះ គឺ រូបលោក និងលោក ប៊ូ ម៉េង។

ក្រោយការផ្តល់សក្ខីកម្មរបស់លោកជុំ ម៉ី បានបញ្ចប់ សាក្សីមួយរូបគឺលោក ញ៉ែម អេន ដែលត្រូវបានគេ ស្គាល់ថាជាអ្នកថតរូបនៅមន្ទីរសន្តិសុខ ស-២១ ក្រោមការគ្រប់គ្រងរបស់ឌុច ត្រូវបានកោះហៅមកផ្តល់សក្ខីកម្ម បន្តទាក់ទងនឹងអង្គហេតុមន្ទីរសន្តិសុខ ស-២១។ លោក ញ៉ែម អេន បានជម្រាបអង្គជំនុំជម្រះអំពីកិច្ចការរបស់គាត់ ជាអ្នកថតរូបនៅគុកទួលស្លែង និងសមាសភាពនៃក្រុមការងារនៅក្នុងគុកទួលស្លែង។ អ្នកបម្រើការងារនៅគុកទួល ស្លែងប្រមាណ ៥០% ដែលត្រូវបានលោក ញ៉ែម អេន ឱ្យដឹងថាជាកងទ័ពដែលមកពីកងពល ៧០៣របស់ខ្មែរ ក្រហម។ លោក ញ៉ែម អេនបានបញ្ជាក់ថាលោកបានមកបំពេញការងារជាជាងថតរូបនៅគុកទួលស្លែងនៅចុងខែ កក្កដា ឆ្នាំ១៩៧៦។ ការផ្តល់សក្ខីកម្មរបស់សាក្សី ញ៉ែម អេន នឹងធ្វើបន្តនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១៦។

រហូតមកទល់ពេលនេះអង្គជំនុំជម្រះសាលាដំបូង បានស្តាប់សក្ខីកម្មសាក្សីចំនួន ៨០ រូប ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣៨ រូប និង អ្នកជំនាញចំនួន ៣ រូប សម្រាប់សវនាការចំនួន ១៦៧ ថ្ងៃ៕

photo_2016-04-19_16-47-20 photo_2016-04-19_16-47-21 photo_2016-04-19_16-47-22 photo_2016-04-19_16-47-23

មតិយោបល់