សៀមរាបៈ កាលពីថ្ងទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៧និង១០នាទី ស្ថិតនៅក្នុងក្រុមទី៥ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ជនរងគ្រោះឈ្មោះ ហឿន វីរៈ ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលក់ដូរ កំពុងស្ថិតនៅក្នុងផ្ទះក៏ស្រាប់តែដាច់ចរន្តអគ្គិសនីដែលប្រើប្រាស់ប្រចាំថ្ងៃ ដោយមានការសង្ស័យជនរងគ្រោះបានដើរទៅមើលប្រអប់ឌីសង់ទ័រ ត្រង់បង្គោលភ្លើងរបស់អគ្គិសនីសៀមរាប មានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល ២០០ម៉ែត្រ ស្រាប់តែបានឃើញជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ ខេម ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លូវថ្នល់ មានស្រុកកំណើតនៅ ភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ទីលំនៅបច្ចុប្បន្ននៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប កំពុងតែឈរស្រាវខ្សែភ្លើងដែលតភ្ជាប់ចូលទៅផ្ទះរបស់ជនរងគ្រោះ ពេលនោះជនសង្ស័យ(ចាន់ ខេម) បានឃើញជនរងគ្រោះ(ហឿន វីរៈ)ទៅដល់ក៏បានទម្លាក់ខ្សែភ្លើងដែលខ្លួនកំពុងតែឈរស្រាវហើយរត់គេចខ្លួន តែត្រូវបានជនរងគ្រោះដេញចាប់បានភ្លាមៗ និងទាក់ទងមកកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម យកជនសង្ស័យមកធ្វើការសួរនាំ ក្រោយពីការសួរនាំជនសង្ស័យរូបនេះ នេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកូនពូថៅកាត់ខ្សែភ្លើងរបស់ជនរងគ្រោះឈ្មោះ ហឿន វីរៈ ទំហំ២×២.៦ស.ម ពិតប្រាកដមែន ។
វត្ថុតាងដែលសមត្ថកិច្ចចាប់យកបាន មានខ្សែភ្លើងទំហំ២×២.៦ស.ម ប្រវែង២០ម៉ែត្រ ហើយបានប្រគល់ឲ្យជនរងគ្រោះវិញ ដោយមានការស្នើសុំពីជនរងគ្រោះមកសមត្ថកិច្ច ដើម្បីធ្វើការតភ្ជាប់ឡើងវិញ និងបានប្រើប្រាស់ភ្លើងជាបណ្តោះអាសន្ន ដោយសារផ្ទះរបស់ជនរងគ្រោះមានបន្ទប់ជួល និងមានប្រជាពលរដ្ឋដែលជួលស្នាក់នៅមានតម្រូវការក្នុងការប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់