សៀមរាបៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃអាទិត្យ៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៣និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបបទសមគំនិត រក្សាទុក ជួញដូរ សម្រួល និងចាត់ចែងឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួល និងលំនៅដ្ឋានស្ថិតនៅភូមិ គោកដូង និងភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រីម្នាក់ ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ តូ ប្រាធ្នី ហៅនី ភេទប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ទី២-ឈ្មោះ សៀង ឧស្សាហ៍ ភេទស្រី ឆ្នាំកំណើត ១៩៩៨ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប ទី៣-ឈ្មោះ ម៉ន សុភី ភេទប្រុស ឆ្នាំកំណើត ១៩៩៩ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិគោកដូង សង្កាត់ទឹកវិល ក្រុង/ខេត្តសៀមរាប ទី៤-ឈ្មោះ ទិត្យ សារ៉ាវុធ ភេទប្រុស ឆ្នាំកំណើត ១៩៨៣ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិប្រីយ៍ចាស់ សង្កាត់ទឹកវិល ក្រុង/ ខេត្តសៀមរាប។
សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន៖ ម្សៅមេតំហ្វេតាមីនចំនួន០៣កញ្ចប់ ស្មើនឹងទម្ងន់៤.២០ក្រាម(ទាំងសម្បក) ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង សម្ភារវេចខ្ចប់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនខុសច្បាប់មួយចំនួន និងទូរស័ព្ទដៃចំនួន០៥គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានការិយាល័យជំនាញ បញ្ជូនទៅសាលាដំបូងខេត្តសៀមរាបថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់