ព័ត៌មានជាតិ

ពពុះសណ្តែក បាញ់កាញ់ មានផ្ទុកសារធាតុគីមី បូរ៉ាក់ និង ស្រាបៀរ ទឹកក្រូចកំប៉ុង ទឹកក្រូចដប ទឹកត្រី នំចម្រុះ មីកំប៉ុងហួសកាលបរិច្ឆេទត្រូវបានមន្ត្រីជំនាញសាខា ក.ប.ប. រកឃើញនៅតាមបណ្តារផ្សារ

យោងតាមផេករបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួប្រជែង និងបង្ក្រាបការក្លែងបន្លំ​ CCF បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មន្ត្រីជំនាញសាខា ក.ប.ប. ខេត្តតាកែវ ខេត្តរតនគិរី និងខេត្តសៀមរាប សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ អាល់កុល ជែលលាងដៃ និងតាមដានតម្លៃទំនិញ នៅតាមបណ្តាផ្សារ ក្នុងខេត្តតាកែវ ខេត្តរតនគិរី និងខេត្តសៀមរាប។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានដកយកគំរូម្ហូបអាហារមួយចំនួនមកធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។

*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ បូរ៉ាក់ (Borax) និងហួសកាលបរិច្ឆេទប្រើប្រាស់ប្រមាណ ១១៥គីឡូក្រាម រួមមាន៖
– ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៣.៨៨គីឡូក្រាម
– បាញ់កាញ់ មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន ៥គីឡូក្រាម
– ស្រាបៀរ ចំនួន ១២៥កំប៉ុង ស្មើនឹង ៤៧.៤គីឡូក្រាម
– ទឹកក្រូចកំប៉ុង ចំនួន ២៩កំប៉ុង ស្មើនឹង ៩.៥គីឡូក្រាម
– ទឹកក្រូចដប ចំនួន ១២០ដប ស្មើនឹង ៣៩.៦គីឡូក្រាម
– ទឹកត្រី ចំនួន ៩ដប ស្មើនឹង ៤.៥គីឡូក្រាម
– នំចម្រុះ ចំនួន ៤គីឡូក្រាម
– មីកំប៉ុង ចំនួន ២៤កំប៉ុង
បន្ទាប់មកមន្ត្រីជំនាញសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះយកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធី៕

 

មតិយោបល់