ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in សង្ឃឹមថា នឹងប្រើកិច្ចប្រជុំកំពូលលើកដំបូងរបស់លោកជាមួយប្រធានាធិបតីអាមេរិកលោក Joe Bidenនៅសប្តាហ៍នេះដើម្បីធ្វើឱ្យមានកិច្ចពិភាក្សាជាមួយកូរ៉េខាងជើងដែលជាប់គាំងជាយូរមកហើយ និងជំរុញឲ្យសេតវិមានគិតគូរបញ្ហានេះបន្ទាន់ជាងមុន។
ក្រុមមន្រ្តីកូរ៉េខាងត្បូងនិយាយថា ពួកគេរីករាយចំពោះគោលនយោបាយថ្មីរបស់រដ្ឋបាលថ្មីដែលអំពាវនាវឱ្យផ្តោតអារម្មណ៍លើវិធានការការទូតដើម្បីបន្ថយភាពតានតឹង ខណៈរក្សាគោលដៅចុងក្រោយក្នុងការដកកម្មវិធីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប៉ុន្តែចំពេលមានការរាតត្បាតនៃជំងឺកូវីដ១៩ បញ្ហាសេដ្ឋកិច្ចនិងនយោបាយក្នុងស្រុក និងវិបត្តិនយោបាយនៅតំបន់ផ្សេងទៀត រដ្ឋបាលលោកBiden មិនបានបង្ហាញសញ្ញាថា បញ្ហាកូរ៉េខាងជើងគឺជារបៀបវារៈកំពូលឬយ៉ាងណា ដែលធ្វើឲ្យស្មុគស្មាញដល់ក្តីសង្ឃឹមរបស់លោកMoon ក្នុងការពង្រឹងកេរ្តិ៍ដំណែលរបស់លោក ។
លោកMoonគ្រោងមកដល់រដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃព្រហស្បតិ៍ស្អែកនេះសម្រាប់ដំណើរទស្សនកិច្ចបួនថ្ងៃដែលនឹងរួមមានកិច្ចប្រជុំកំពូលជាបន្តបន្ទាប់ជាមួយលោកប្រធានាធិបតី Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris និងមេដឹកនាំសភា។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋាភិបាលក្រុងសេអ៊ូលបាននិយាយថា រដ្ឋបាលរបស់ Bidenងាកទៅរកប្រទេសកូរ៉េខាងជើងគឺជា«សញ្ញាល្អ»ដែលអាចជាមូលដ្ឋានសម្រាប់បន្តការពិភាក្សា។
លោកKurt Campbellអ្នកសម្របសម្រួលគោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់ឥណ្ឌូ – ប៉ាស៊ីហ្វិកបាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើកិច្ចការការទូតនិងវិធានការជាក់ស្តែងដើម្បីជំរុញការលុបបំបាត់នុយក្លេអ៊ែរ។ កិច្ចចរចានុយក្លេអ៊ែររវាងក្រុងព្យុងយ៉ាងនិងវ៉ាស៊ីនតោនបានជាប់គាំងតាំងពីកិច្ចប្រជុំកំពូលលើកទី២ដែលបរាជ័យក្នុងឆ្នាំ២០១៩រវាងមេដឹកនាំកូរ៉េខាងជើងគឺលោក គីម ជុងអ៊ុន និងលោកអតីតប្រធានាធិបតី Donald Trump៕
មតិយោបល់