ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBULANCE បណ្ដាលឲ្យបែកកញ្ចក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការ

កំពង់ស្ពឺ: នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១ តាមព័ត៌មានពីអធិការនគរបាល ស្រុកគងពិសីថា ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពយកថ្មគប់ ទៅលើរថយន្ដសង្រ្គោះបន្ទាន់ របស់មន្ទីរពេទ្យបង្អែកស្រុកគងពិសី ដែលកំពុងធ្វើដំណើរពីត្បូងទៅជើង ដើម្បីទៅយកសំណាក ធ្វើតេស្តអ្នកសង្ស័យវិជ្ជមានកូវីដ-១៩ នៅក្នុងឃុំព្រះនិព្វាន ។ លុះមកដល់ចំណុចខាងជើងបង្គោលគីឡូម៉ែត្រលេខ១៣ ប្រហែល២០ ម៉ែត្រ ស្ថិតលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិសម្តេចឪ ឃុំព្រៃញាតិ ស្រាប់តែបុរសម្នាក់ មិនដឹងអំពីមូលហេតុច្បាស់លាស់ ធ្វើសកម្មភាពគប់កញ្ចក់រថយន្ត រួចគេចខ្លួន ។

ភ្លាមៗ នោះកម្លាំងមានសមត្ថកិច្ច បានបន្ដស្រាវជ្រាវ រហូតឃាត់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ឈ្មោះ វ៉ិត សត់ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ-ឃុំខាងលើ តាមសាក្សីនៅកន្លែងកើតហេតុ និងចម្លើយបឋមបុរសខាងលើ ទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្ម គប់កញ្ចក់រថយន្ត គិលានសង្រ្គោះបន្ទាន់ AMBU L A NCE ។

ចំពោះករណីខាងលើនេះ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចនគរបាល ស្រុកគងពិសី បានយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក រួចកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ដ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់