កំពង់ធំៈ ថ្ងៃចន្ទ ១៣កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ៩និង ៣៥នាទីព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មានករណីមនុស្សស្លាប់ដោយជំងឺគាំងបេះដូង បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចផ្ទះឈ្មោះ ឈាន រីន ភេទស្រី ក្នុងភូមិសាគ្រាមជើង ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។
សពឈ្មោះ អាន អែល ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ-ឃុំកើតហេតុ ។
អំពីរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ឈាន រីន (ត្រូវជាប្រពន្ធ) បានបំភ្លឺថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រា ហើយមានជំងឺធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យស្រុកស្ទោង ក្រោយព្យាបាលធូរស្បើយ គ្រូពេទ្យប្រាប់ថា ប្ដីគាត់មានជំងឺឡើងឈាម និងជំងឺបេះដូង រួចក៏ត្រឡប់មកផ្ទះវិញ ប្ដីរបស់ខ្លួនក៏ឈប់ផឹកស្រា គិតមកដល់ថ្ងៃគាត់ស្លាប់បានរយៈពេលប្រហែល ៣ខែមកហើយ ។ នៅព្រឹកថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ៦គាត់បានក្រោកពីដេក ឃើញប្ដីកំពុងលើកអាចម៍គោក្រោមផ្ទះ ហើយនៅម៉ោងប្រហែល ៧ឃើញប្ដីកំពុងដេកអង្រឹងលេងប្រឡែងជាមួយចៅស្រីអាយុប្រហែល ៣ខួប ។ ពេលនោះគាត់កំពុងដាំបាយធ្វើម្ហូបនៅលើផ្ទះ មួយសន្ទុះស្រាប់តែឮប្អូនស្រីគាត់ឈ្មោះ ឈាន នួន អាយុ ៤៣ឆ្នាំស្រែកថា ជួយផង អ្នកអែលស្លាប់បាត់ហើយ ឮដូចនោះគាត់ក៏ចុះពីលើផ្ទះមកមើល ជាមួយប្អូនឃើញប្ដីខ្លួនដួលផ្កាប់មុខ ខ្លួនពាក់កណ្ដាលនៅលើបន្ទប់ទឹក ពាក់កណ្ដាលមកដី ក៏នាំគ្នាលើកជួយធ្វើចលនា តែប្ដីគាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
ក្រោយពីទទួលព័ត៌មានកម្លាំងជំនាញ អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក សហការជាមួយអាជ្ញាធរដែនដី និងលោកគ្រូពេទ្យ ចុះពិនិត្យសាកសព ។ ការពិនិត្យសាកសពមិនមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ឡើយ ។
សន្និដ្ឋាន៖ តាមការពិនិត្យកន្លែងកើតហេតុ និងសាកសព សន្និដ្ឋានថាសពស្លាប់ដោយជំងឺគាំងបេះដូង ។
សពបានប្រគលជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់