ព័ត៌មានជាតិ

Update៖ ធ្លាប់មានទំនាស់គ្នាពីមុនមក ជនសង្ស័យ២នាក់ ឃើញជនរងគ្រោះដើរតាមផ្លូវ ក៏ដេញតាមវាយរហូតដល់ស្លាប់

ភ្នំពេញ: នៅវេលាម៉ោង០១និង៣០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ មានករណីអំពើឃាតកម្មមួយកើតឡើង ជនសង្ស័យ២នាក់ បានធ្វើសកម្មភាព ដេញវាយជនរងគ្រោះម្នាក់ បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋប្ដឹងរាយការណ៍ដល់អាជ្ញាធរ នៅក្នុងមូលដ្ឋាន ត្រង់ចំណុចផ្លូវ៣៣BT ក្នុងភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ម៉ក់ អង្គារ៍រស្មី ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់បឹងជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យចំនួន០២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍បឹងទំពន់ទី១ឃាត់ខ្លួន ។ ជនសង្ស័យទី១.ឈ្មោះ កែវ យិនភី ហៅតួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់PassApp ស្នាក់នៅផ្លូវ ៤៧៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ។ ជនសង្ស័យទី២. ឈ្មោះ រ៉េត បញ្ញា ហៅម៉ក់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មើលម៉ូតូនៅផ្សារបឹងទំពន់ ស្នាក់នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះធ្លាប់មានទំនាស់ជាមួយជនសង្ស័យពីមុនមក លុះដល់យប់ម៉ោងប្រហែលជាង១រំលងអធ្រាត្រថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ ជនសង្ស័យបានឃើញជនរងគ្រោះដើរតាមផ្លូវ ក៏ដេញតាមវាយរហូតស្លាប់តែម្តង ។

បច្ចុប្បន្ន ក្រោយធ្វើកោសល្យវិច្ច័យរួច សមត្ថកិច្ចបានដឹកសពយកទៅតម្កល់នៅវត្តចាក់អង្រែក្រោម ដើម្បីរកក្រុមគ្រួសារ ។
រិឯជនសង្ស័យទាំពីរនាក់ ត្រូវបាននគរបាលប៉ុស្តិ៍ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

មតិយោបល់