ព័ត៌មានជាតិ

កម្មករធ្វើការនៅឡឥដ្ឋតាហានម្នាក់ យកខ្សែក្រណាត់ ចងកជាប់នឹងចម្រឹងដែករោងហាលដុំឥដ្ឋ កម្ពស់ជិត៣ម៉ែត្រ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កណ្តាលៈ ថ្ងៃព្រហស្បត្តិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៤ និង ២៥ នាទី មានករណីកម្មករឡឥដ្ឋម្នាក់ បានចងកធ្វើអត្តឃាត បណ្តាលឲ្យស្លាប់បាត់បង់ជីវិត បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចកើតហេតុឡឥដ្ឋតាហាន ក្នុងភូមិពោធិកំបោរ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ។

សពជនរងគ្រោះឈ្មោះ ប៉ែន ភារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករឡឥដ្ឋ ទីលំនៅកំណើតភូមិ ត្រពាំងចុង ឃុំ ព្រះបាទជាន់ជុំ ស្រុក គីរីវង្ស ខេត្ត តាកែវ ។ បច្ចុប្បន្នស្នាក់នៅ ភូមិពោធិកំបោរ ឃុំ វិហារលួង ស្រុក ពញាឮ ខេត្ត កណ្តាល

វត្ថុតាងចាប់យក៖ ចំណងខ្សែក្រណាត់ ពណ៌ ខៀវ ចំនួន០១ ប្រវែង ២,៦៤ ម៉ែត្រ ។

សភាពនៃរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ម៉ៅ ស្រីធី ភេទស្រី អាយុ៣១ឆ្នាំ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះបំភ្លឺថា នៅមុនពេលកើតហេតុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៨ និង ៣០ នាទី ប្តីរបស់ខ្លួនឈ្មោះ ប៉ែន ភារុន បានទិញស្រាថ្នាំ ចំនួន ០១លីត្រ យកមកផឹកនៅក្រោមផ្ទះរបស់ខ្លួន ជាមួយកម្មករឡឥដ្ឋជាមួយគ្នាចំនួន០៤នាក់ ចំណែករូបខ្លួន ក៏ឡើងទៅសម្រាកនៅលើផ្ទះជាមួយកូនស្រីរបស់ខ្លួន ។ លុះដល់វេលាម៉ោងប្រហែល២១ ប្តីរបស់ខ្លួនពេលឈប់ផឹកស៊ី ពុំបានឡើងមកដេកនៅលើផ្ទះជាមួយរូបខ្លួនទេ ដោយបាននៅសម្រាកនៅលើអង្រឹងក្រោមផ្ទះរបស់ខ្លួនតែម្នាក់ឯង បន្ទាប់មកខ្លួនក៏សម្រាកលក់បាត់ទៅ ។

លុះដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១ វេលាម៉ោង០៤ និង ២៥ នាទី កម្មករឡឥដ្ឋ បានងើបមកដុតភ្លើងឡ ក៏ប្រទះ ឃើញជនរងគ្រោះឈ្មោះ ប៉ែន ភារុន ចងកស្លាប់នឹងចំណងខ្សែក្រណាត់ ជាប់និងចម្រឹងដែករោងហាលដុំឥដ្ឋ កំពស់២,៩០ម៉ែត្រ បន្ទាប់មកក៏មានកម្មករឡឥដ្ឋជាមួយគ្នា បានផ្អើលឆោឡោ នាំគ្នាមកមើលនិងបានទៅប្រាប់ប្រពន្ធរបស់ជនរងគ្រោះ រួចនាំគ្នាជួយលើកសាកសពជនរងគ្រោះ ទម្លាក់ចុះមកក្រោម និងបានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង ។

ក្រោយមកកម្លាំងជំនាញ ពិនិត្យវិភាគកន្លែងកើតហេតុស្រុក បានសហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវិហារលួង និងមានការចូលរួមពី ក្រុមប្រឹក្សាមេឃុំវិហារលួង មេភូមិ គ្រូពេទ្យ ធ្វើការពិនិត្យសាកសព យ៉ាងហ្មត់ចត់ពិនិត្យឃើញថា
សាកសព មានស្នាមទ្រុឌស្បែកនៅផ្នែក ក ប្រវែង០,១៤ សង់ទីម៉ែត្រ និងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ បន្ទាប់មកក្រុមគ្រូពេទ្យប្រតិកម្មរហ័សប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ប្រចាំស្រុកពញាឮ បានធ្វើសំណាក រកជំងឺកូវីដ១៩ លទ្ធផល អវិជ្ជមាន ។

ការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ ជនរងគ្រោះ ស្លាប់ដោយសារ ចងកធ្វើអត្តឃាតបណ្តាលឲ្យស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ​ ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់