ភ្នំពេញៈ ជនសង្ស័យ៣នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពគំរាមបាញ់សម្លាប់ ហើយប្លន់ម៉ូតូស្កុបពីនារីម្នាក់បានសម្រេច រួចគេចខ្លួនដោយសុវត្ថិភាព។
ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅខាងក្រោយសាលាបឋមសិក្សាបឹងត្របែកខាងត្បួង ផ្លូវលេខ១៣៥ ក្រុមទី៣ ភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
នារីរងគ្រោះមានឈ្មោះ អាហ្សា អាយុ២០ឆ្នាំ មុខរបរជាអ្នកបំរើការងារនៅ KTVមេហ្គា ចំណែកម៉ូតូដែលត្រូវចោរប្លន់ម៉ាកស្កុបពី ពណ៌ស ស៊េរី២០១៤ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1A-5513។
នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាងបានជិះម៉ូតូមកពីធ្វើការនៅ KTV មេហ្គា ហើយជិះនៅតាមចំណុចកើតហេតុខាងលើ ខណៈនោះ ក៏ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូមួយគ្រឿងឌុបគ្នាមកពីក្រោយ ហើយស្រែកឲ្យឈប់ និងគំរាមបាញ់សម្លាប់ចោល ភ្លាមនោះនារីរងគ្រោះភ័យខ្លាំងពេកក៏ឈប់ម៉ូតូប្រគល់ឲ្យក្រុមចោរជិះគេចខ្លូនបាត់ស្រមោលតែម្ដង។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុនិងបានត្រឹមតែមកដឹកនារីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍ផ្សារដើមថ្កូវតែប៉ុណ្ណោះ៕
មតិយោបល់