ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងរថយន្តបុកគ្នា បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់

កណ្តាល: នៅថ្ងៃសុក្រ ២រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩ និង ១០នាទី មានករណីគ្រោះចរាចរណ៍មួយកើតឡើង រវាងម៉ូតូបុកនឹងរថយន្ត ទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យខូចខាត រថយន្តមួយគ្រឿងស្រាល និងម៉ូតូមួយគ្រឿងធ្ងន់ រងរបួសធ្ងន់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ភូមិក្បាលជ្រោយ ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូមួយគ្រឿង ម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ប្រភេទ ស្រី ផ្លាកលេខ ព្រៃវែង 1L- 4810 បើកបរដោយឈ្មោះ នួន សុង ភេទប្រុស អាយុ ៦៩ឆ្នាំ មានទីលំនៅ ភូមិព្រែកតា ឃុំពាមមន្ទារ ស្រុក កំពង់ត្របែក ខេត្ត ព្រៃវែង បើកបរពីភ្នំពេញទៅព្រៃវែង ។

លុះពេលជិះមកដល់ត្រង់ចំណុចកើតហេតុ បានគេចរថយន្តកូរ៉េឈប់ខាងស្តាំដៃ និងវ៉ាម៉ូតូមួយគ្រឿងទៀត ដែលជិះស្របទិសដៅគ្នា បានជ្រុលចង្កូតទៅបុកជាមួយរថយន្តម៉ាក ព្រុស ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 2BE-0552 ឆ្នាំផលិត២០០៥ បើកបរដោយឈ្មោះ ចាន់ សារិទ្ធ ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិ កំពោតប្រស់ ឃុំ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលបើកបរមានទិសដៅពីអ្នកលឿងទៅភ្នំពេញ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់អ្នកបើកម៉ូតូ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រៃវែង ។

ដោយឡែកមធ្យោបាយធ្វើដំណើររបស់ជនរងគ្រោះម៉ូតូខូចធ្ងន់ និងរថយន្តខូចស្រាល ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ។

តាមការសន្និដ្ឋានជាបឋមរបស់សមត្ថកិច្ច ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ នួន សុង ធ្វេសប្រហែស មិនប្រុងប្រយ័ត្ន មិនបានពិនិត្យគ្រប់ជ្រុងជ្រោយ មុនពេលបើកវ៉ាជែង ទើបបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ ៕

មតិយោបល់