ព័ត៌មានជាតិ

ម៉ូតូក្លិកបើកគេចរថយន្ត១គ្រឿង ជ្រុលទៅបុកលុចស៊ីសស៊េរីទំនើប បណ្តាលឲ្យខូចខាតកំណាត់មុខយ៉ាងដំណំ និងរងរបួសម្នាក់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូក្លិកបើកគេចរថយន្តមួយគ្រឿង មិនចាំម៉ាកជ្រុលទៅបុករថយន្តស៊េរីទំនើប១គ្រឿងទៀតម៉ាកលុចស៊ីស LX570 កំពុងឈប់ស្តុប បណ្តាលឲ្យរងការខូចខាតផ្នែកកំណាត់មុខយ៉ាងដំណំ ម្ចាស់ម៉ូតូត្រូវរងរបួស ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវបេតុងនាងមច្ឆា ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ម៉ូតូម៉ាកក្លិក ពណ៌ស ពាក់ផ្លាលេខភ្នំពេញ1HV 2372 ជិះដោយយុវជនម្នាក់ ។ ចំណែករថយន្ត ម៉ាក លុចស៊ីសLX570 ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 2BM 1728 បើកដោយស្ត្រីម្នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវបេតុនាងមច្ឆា ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចស្តុបកែងផ្លូវជាតិលេខ៦ បានឈប់ស្តុបស្រាប់ម៉ូតូខាងលើ បើកតាមបណ្តោយផ្លូវជាតិលេខ៦ ពីជើងទៅត្បូងគេចរថយន្តមួយគ្រឿងទៀត ជ្រុលទៅបុករថយន្តលុចស៊ីសខាងលើ ដែលកំពុងឈប់ស្តុបបណ្តាលឲ្យខូចខាត កំណាត់មុខយ៉ាងដំណំ ឯតៃកុងម៉ូតូរបួស ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទៅដល់វាស់វែង ហើយភាគីទាំងសងខាងបានសម្រួលគ្នា ៕

មតិយោបល់