ព័ត៌មានជាតិ

បុរសម្នាក់ដោតខ្សែភ្លើងទាំងដៃកាន់ម៉ូទ័រ ដើម្បីបូមទឹកដាក់ពាង បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗ

កណ្ដាលៈ នៅថ្ងៃច័ន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ៩និង០៥នាទី នៅចំណុចភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ថា ថាច ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំកើតឃុំកើតហេតុ។

វត្ថុតាងចាប់យក៖ ម៉ូទ័របូមទឹក ចំនួន០១ ។

សភាពរឿងហេតុ៖ តាមការបំភ្លឺរបស់ឈ្មោះ ប៉ាង វណ្ណៈ ភេទស្រី អាយុ ២៨ឆ្នាំ ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានទៅបូមទឹកដាក់ពាងហើយម៉ូទ័របូមទឹកមានចម្ងាយពីផ្ទះប្រវែង ៣៥ម៉ែត្រដូចសព្វដង ដោយប្រើខ្សែភ្លើងមួយខ្សែអូសមកភ្ជាប់ជាមួយម៉ូទ័របូមទឹក ពេលដោតខ្សែភ្លើងចូលម៉ូទ័រ ដោយដៃឆ្វេងជនរងគ្រោះ កាន់ជាប់ម៉ូទ័រ ស្រាប់តែម៉ូទ័រឆ្លងភ្លើង បណ្តាលឲ្យជនរងគ្រោះ ឆក់ដួលទៅលើដីភ្លាមនោះ ក៏មានអ្នកជិតខាងឃើញ ស្រែកហៅគ្នាមកជួយតែជនគ្រោះបានស្លាប់បាត់ហើយ។

ក្រោយទទួលបានព័ត៌មាន នគរបាលប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិឈើទាល ធ្វើការពិនិត្យលើជនរងគ្រោះ។

បន្ទាប់ពីក្រុមការងារពិនិត្យរួចឃើញថា ដៃឆ្វេងរបស់រងគ្រោះ មានស្នាមឆេះម្រាមដៃដោយឆក់ខ្សែភ្លើង ជនរងគ្រោះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់