ព័ត៌មានជាតិ

ទំនាស់ពាក្យសម្តីយុវជនម្នាក់ ប្រើពូថៅកាប់ទៅលើយុវជនម្នាក់ទៀត បណ្តាលឱ្យរងរបួស ត្រូវឃាត់ខ្លួននៅស្រុកឯកភ្នំ

បាត់ដំបងៈ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០ នាទី អនុវត្តតាមការចង្អុលដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់របស់លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការបបង្ក្រាបចូលរួមជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីហិង្សាដោយចេតនា មាន ស្ថានទម្ងន់ទោស និងធ្វើអោយខូចខាតដោយចេតនា ( កាប់ដោយពូថៅ ) ០១ ករណីនៅចំណុភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ។

កិច្ចប្រត្តិបត្តិការនេះ សមត្ថកិច្ចបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុំ ចិន្តាវន្ត័ ហៅរ៉ាត់ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅ ភូមិព្រែកតា ច្រែង ឃុំ ព្រែកនរិន្ទ ស្រុក ឯកភ្នំ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ។

សូមជម្រាបជូនថា កាលពី ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៤និង២៣ នាទី នៅចំណុចភូមិតាកុក ឃុំ នរា ស្រុក សង្កែ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពកាប់ ដោយពូថៅ ទៅលើជនរងគ្រោះ ឈ្មោះ រី វីរៈ ហៅ ពេជ្រ ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅ ភូមិ តាកុក ឃុំ នរា ស្រុក សង្កែ ខេត្តបាត់ដំបង ដោយមូលហេតុ ទំនាស់ពាក្យសម្តី បណ្តាលឱ្យជនរងគ្រោះ រងរបួសផ្នែកក្បាលយ៉ាងដំណំ ។

ក្រោយកើតហេតុជនរងគ្រោះ បានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ដើម្បីចាត់វិធានការលើករណីនេះ ហើយឆ្លងតាមរយៈការស្រាវជ្រាវ និងកំណត់បាននូវអត្តសញ្ញាណជន ដៃដល់ទើបសម្រេចធ្វើការឃាត់ខ្លួនតែម្តង ។

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូ ម៉ាក ហុងដា ឌ្រីមសេ ១២ ៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ បាត់ដំបង1AH 5116
– ពូថៅ ដងឈើ ចំនួន០១ ។

បច្ចុប្បន្ន ការិយាល័យនគរបាល ព្រហ្មទណ្ឌ កម្រិតស្រាល បានកសាងសំណុំរឿង ដើម្បីបញ្ជូន ទៅសាលាដំបូង ខេត្តបាត់ដំបង អនុវត្តតាមច្បាប់ ៕

មតិយោបល់