ព័ត៌មានជាតិ

ក្មេងទំនើងចំនួន០៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកដាវកាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យរបួសធ្ងន់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍ ១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន បានឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់ ករណីហិង្សាដោយចេតនា ។

លោកវរសេនីយ៍ឯក ហុង ប៉ូហេង អធិការនៃអធិការដ្ឋានស្រុកវ៉ារិនបានបញ្ជាក់ថា អំពើហិង្សាដោយចេតនានេះកើតឡើនៅលើដងផ្លូវ ២៦៦ ចំណុចភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បង្ករដោយជនសង្ស័យចំនួន០៣នាក់៖ ១.ឈ្មោះរៀម ឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។ ២. ឈ្មោះ ស៊ត់ ថន ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។ ៣. ឈ្មោះ ស៊ត់ វី ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯកបានបញ្ជាក់បន្ថែមថា ករណីនេះជនសង្ស័យបានយកកាំបិតដាវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ហឹស ហឺរ ភេទប្រុស មានទីលំនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប បណ្ដាលឲ្យរបួសធ្ងន់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងឃាត់ជនសង្ស័យទាំង ០៣នាក់នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីបន្ត ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមណ្ឌលសុខភាព ៕

មតិយោបល់