រថយន្តស៊េរីទំនើប ១គ្រឿងបើកបុកម៉ូតូខ្ទាតទៅប៉ះរ៉ឺម៉កដឹកត្នោត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់

ភ្នំពេញៈ នៅវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តស៊េរីទំនើប ១គ្រឿងបើកបុកម៉ូតូមួយគ្រឿង ពេញទំហឹង ខ្ទាតទៅបោកខ្ទប់និង រ៉ឺម៉កម៉ូតូដឹកត្នោត បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ស្រាល ២នាក់ ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវ លូប្រាំ កែងនិងផ្លូវបេតុង ស្ថិតក្នុងសង្កាត់ស្ទឹមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេបានឃើញ រថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8189 ធ្វើដំណើរតាមបណ្ដោយផ្លូវ លូប្រាំ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CL-1804 ដែលធ្វើដំណើរ បញ្ច្រាសទិសគ្នា ពេញទំហឹង បណ្ដាលឲ្យម៉ូតូ ខ្ទាតទៅបោកខ្ទប់និង រ៉ឺម៉កម៉ូតូដឹកត្នោតមួយគ្រឿងទៀត បណ្ដាលឲ្យម្ចាស់រ៉ឺម៉ក រងរបួសធ្ងន់ធ្ងរ ។
ចំណែកឯម្ចាស់ម៉ូតូ ហុងដា គ្រាន់តែរងរបួសស្រាល តែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *