កំពង់ចាមៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ឲ្យនាំ ខ្លួន របស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឱ្យដឹងនៅយប់ថ្ងៃទី១ ខែមិថុនា ថា លោកបានចាត់ឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាល ព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ ចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូ ឃុំអូរម្លូស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ហៅ អេង សុវណ្ណរ៉ាន់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់