ព័ត៌មានជាតិ

មន្ត្រី​កាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ រកឃើញសណ្តែកគួរ​ មានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត!

​ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា ដើម្បីពង្រឹងកិច្ចការការពារសុខុមាលភាពប្រជាពលរដ្ឋនៅថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយមានការសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារវេចខ្ចប់ស្រាប់ នៅក្នុងផ្សារចំនួន ០៥ រួមមាន៖ ផ្សារធំច្បារអំពៅ ផ្សារបន្លែច្បារអំពៅ ផ្សារព្រែកប្រា ផ្សារចំពុះក្អែក និងផ្សារព្រែកឯង។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើវិភាគបឋមទៅលើគំរូម្ហូបអាហារចំនួន ៩៥ និងបានបញ្ចូនគំរូមួយចំនួនទៀតមកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល ដើម្បីធ្វើការវិភាគបន្ថែម ស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

​ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសណ្តែកគួរទម្ងន់​ ០៥ គីឡូក្រាម ដែលមានផ្ទុកសំណល់ថ្នាំសម្លាប់សត្វល្អិត​។
បន្ទាប់មកមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុដកហូតដើម្បីធ្វើការកម្ទេច​ ចោល និងបានណែនាំឱ្យអា​ជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត។

ក្នុងឱកាសនោះដែរ មន្រ្តីជំនាញបានធ្វើការពន្យល់ណែនាំដល់អាជីវករ អោយធ្វើការដាក់តាំងលក់ផលិតផលអោយបានត្រឹមត្រូវ រក្សាបាននូវអនាម័យ ជៀសវាងការដាក់បន្ថែមសារធាតុគីមី ហាមឃាត់ក្នុងចំណីអាហារ ការទិញទំនិញយកមកដាក់តាំងលក់បន្តត្រូវស្គាល់ប្រភព​ អាស័យដ្ឋានចែកចាយ ផលិត វិក័យបត្រ និងលេខទូរស័ព្ទទំនាក់ទំនង ព្រមទាំងបានធ្វើការពន្យល់ដល់ប្រជាពលរដ្ឋ និងអាជីករនូវរបៀបពិនិត្យមើលកាលបរិច្ឆេទផុតកំណត់ផងដែរ៕

មតិយោបល់