កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ៤០នាទី មានករណីគំរាមកំហែងថានឹងសម្លាប់នៅចំណុច ភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ម៉ុន កញ្ញា ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្រពន្ធ) ។
ជនសង្ស័យ (ឃាត់ខ្លួន) ឈ្មោះ យូ សៅ ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាប្ដី) ។
វត្ថុតាងចាប់យករួមមាន៖
១. កាំបិតបុ័ងតោ ចំនួន០១ ផ្លែដែក ដងឈើ មានប្រវែង ០.២៧ស.ម។
២. ដែកបំពង់ ៤ជ្រុង មានប្រវែង ០.៤០ ស.ម ទំហំ ប៉ុនម្រាមដៃ។
កន្លងមកជនសង្ស័យ តែងតែរករឿងនិងគំរាមកំហែងជនរងគ្រោះ ត្រូវជាប្រពន្ធជាញឹកញាប់មកហើយ ។
នៅមុនពេលកើតហេតុ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ និងវេលាម៉ោង ១៣.០០នាទី ជនសង្ស័យ បានទៅរករឿងឈ្លោះ និងជេរប្រមាថប្រពន្ធទៅដល់កន្លែងធ្វើការទៀតផង ។
លុះដល់វេលាម៉ោង ១៨និង៤០នាទី ថ្ងៃខែឆ្នាំដដែល ខណៈពេលដែលជនរងគ្រោះជាប្រពន្ធបានចេញពីធ្វើការរោងចក្រវិញទៅដល់ផ្ទះ ស្រាប់តែបានឃើញជនសង្ស័យជាប្ដីកំពុងវាយបំផ្លិចបំផ្លាញសំភារៈនៅក្នុងផ្ទះ ហើយពេលនោះដែរជនសង្ស័យបានទាញកាំបិតប៉័ងតោ មកកាន់នៅនឹងដៃហើយបានស្រែកគំរាមចង់កាប់សម្លាប់ជនរងគ្រោះ ដោយបាននិយាយគំរាមថា «សម្លាប់មនុស្សចោលម្នាក់នៅយប់នេះ» ។
បន្ទាប់មកនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្ដិ៍នគរបាលតាលន់អោយជួយអន្តរាគមន៍ ។ ក្រោយពីទទួលបានបណ្ដឹងរបស់ជនរងគ្រោះខាងលើភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលន់ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យដោយមានដែកជ្រុងនៅនឹងខ្លួនជនសង្ស័យ ។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
មតិយោបល់