ព័ត៌មានជាតិ

ស្លាប់២នាក់ របួសធ្ងន់ម្នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍២លើក បន្តបន្ទាប់គ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានមនុស្ស០២នាក់ បានស្លាប់និង០១នាក់ រងរបួសធ្ងន់ នៅក្នុងហេតុកការណ៍ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន២ករណីជាបន្តបន្ទាប់ ដោយម៉ូតូបុកជាមួយគោយន្តកន្ត្រៃ និងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះ​នេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងងថា នៅវេលាម៉ោង០៧និង២០នាទីយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបង្គោលខ្សែភ្លើងលេខ០៣៧៧ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ដោយម៉ូតូបុកជាមួយគោយន្ត បណ្តាលឲ្យស្លាប់០១នាក់ និងរងរបួសធ្ងន់០១នាក់ ។

លោកវរសេនីយ៍ឯកមាស ប្ញទ្ធី បានបញ្ជាក់ថា អ្នកបើកបរគោយន្តកន្ត្រៃ ឈ្មោះ ផាត ប៊ុននី ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរក្នុងទិសខាងកើតទៅ ទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្លងផ្លូវទៅខាងឆ្វេងដៃ ដើម្បីប្តូរទិស ស្របពេលនោះមានម៉ូតូ ០១គ្រឿងម៉ាក ហុងដាទ្រីម C125 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1V-7980 បើកបរដោយឈ្មោះ រស់ សាវង្ស ភេទប្រុស អាយុ ៥៣ឆ្នាំ រស់នៅភូមិ ជើងវត្ត ឃុំព្រះនេត្រព្រះ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (សង្ស័យមានជាតិស្រវឹង) និងមានអ្នករួមដំណើ០១នាក់ ឈ្មោះ ហួត ស្រួចភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិប៉ោយស្វាយ ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកបរមកពីទិសខាងលិចទៅទិសខាងកើត ក៏បានបុកចំកណ្ដាលទ្រុងគោយន្តចំហៀងខាងស្តាំ បណ្តាលឲ្យក្រឡប់ អ្នកបើកបរម៉ូតូរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី និងអ្នករួមដំណើររងរបួសធ្ងន់ អ្នកបើកបរគោយន្តរបួសស្រាល ម៉ូតូខូចផ្នែកខាងមុខធ្ងន់ ។ មូលហេតុបង្កឲ្យមានគ្រោះថ្នាក់ អ្នកបើកបរគោយន្តប្តូរគន្លងខ្វះការប្រុងប្រយ័ត្ន ចំណែកអ្នកបើកម៉ូតូមានល្បឿនលឿន សង្ស័យមានជាតិស្រវឹង ។

មួយករណីទៀត នៅលើកំណាត់ផ្លូវជាតិលេខ៦ ចម្ងាយ៥០ម៉ែត្រខាងកើតប៉ុស្តិ៍រដ្ឋបាល ឃុំរហាល ស្ថិតក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ នេះដែរ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តបុកជាមួយគោយន្តកន្ត្រៃ នៅវេលាម៉ោង០៣ទៀបភ្លឺ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ បណ្តាលឲ្យស្លាប់០១នាក់ នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ដំបូងមានរថយន្ត០១គ្រឿងម៉ាក HINO ពណ៌ស ពាក់ផ្លាកលេខ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8905(អ្នកបើកបរក្តាប់អត្តសញ្ញាណ មិនបានចុះរត់គេចខ្លួនបាត់) បើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចកើតហេតុខាងលើ បានបុកនិងគោយន្តកន្រ្តៃ ដែលកំពុងបើកបរស្របទិសគ្នា នៅពីមុខដោយមានភ្លើងបំភ្លឺក្រោយ ចំពីខាងក្រោយពេញទំហឹង បណ្តាលឲ្យឈ្មោះ ម៉ោញ មេន ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិថ្មី ឃុំផ្កាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប រងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្ត មិត្តភាព កម្ពុជា ជប៉ុន នៅស្រុកមង្គលបូរី ។ អ្នកបើកបររថយន្ត ឈ្មោះ ជឿន វាសនា ភេទប្រុស អាយុប្រហែល ២៩ឆ្នាំ នៅខេត្តកំពង់ចាម រត់គេចខ្លួន វត្ថុតាងគោយន្ត និងរថយន្តខូចស្រាល ។ មូលហេតុ បណ្តាលមកពីអ្នកបើកបរ រថយន្តមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ។ ចំពោះវត្ថុតាងបង្កគ្រោះថ្នាក់ទាំង០២ករណីនេះ កម្លាំងជំ​នាញ បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ ចំណែកសពជនរងគ្រោះទាំង០២នាក់ ត្រូវបានក្រុមគ្រួសារ រៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់