ព័ត៌មានជាតិ

ប្តីគេមិននៅ! ឡើងលើផ្ទះប៉ុនប៉ងរំលោភប្រពន្ធគេ ចុងក្រោយជាប់ខ្នោះ

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ក្រោយពីធ្វើសកម្មភាពប៉ុនប៉ងរំលោភសេពសន្ថវៈទៅលើស្រ្តីម្នាក់ ខណៈដែលប្តីរបស់ស្រ្តីរងគ្រោះមិនបាននៅផ្ទះ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិពោធិ៍ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ ស.គ.ស ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ និងជនសង្ស័យឈ្មោះ ស្រ៊ន ស្រ៊ុយ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកសិករ(ឃាត់ខ្លួន) ទាំង២នាក់ស្នាក់នៅភូមិពោធិ៍រាម្មា ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ នៅថ្ងៃខែឆ្នាំដដែល ជនរងគ្រោះបានកំពុងដេកក្នុងមុងជាមួយនឹងកូនប្រុស២នាក់ទៀត ក្រោយពេលប្ដីរបស់ជនរងគ្រោះបានទៅកាប់ជ្រូកឲ្យគេនៅខាងមុខផ្ទះ លុះក្រោយពេលឃើញប្ដីនាងមិននៅផ្ទះដូចនេះ ជនសង្ស័យបានបើកមុងចូលធ្វើសកម្មភាពចាប់ជនរងគ្រោះ រំលោភសេពសន្ថវៈ តែត្រូវជនរងគ្រោះដឹងខ្លួនទាន់ ក៏ច្រានជនសង្ស័យចេញនឹងស្រែកឲ្យគេជួយ បន្ទាប់មកក៏ផ្អើលឆោឡោឡើង ហើយជនសង្ស័យបានរត់គេចបាត់តែម្ដង ខណៈនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកស្ពឺ។

ក្រោយពីទទួលបានបណ្ដឹង កម្លាំងនគរបាលប៉ុស្ដិ៍បានចុះធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ទើបបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាចូលទៅក្នុងមុងរបស់ជនរងគ្រោះ ក្នុងគោលបំណងដើម្បីចាប់រំលោភសេពសន្ថវៈជនរងគ្រោះ ប្រាកដមែន ដោយាសារតែប្ដីនាងពុំនៅតែត្រូវនាងដឹងខ្លួនទាន់ រួចក៏ធាក់ខ្លួនចេញ ហើយបានរត់គេចពិតមែន៕

មតិយោបល់