ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ លួចកាច់សោ.កម៉ូតូ រួចដេរមិនឆេះ បណ្ដើរបានប្រហែល ១០ម៉ែត្រ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងតាខ្មៅ

កណ្ដាល: នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៧និង០០នាទីព្រឹក មានករណីអំពើលួច (កាច់កម៉ូតូ) ចំណុចផ្ទះជនរងគ្រោះភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ សារុន សាវ៉ាត ភេទស្រី អាយុ ៤៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរលក់ដូរ ។

ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ឃុត សំណាង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកស្នៀត ឃុំស្នាយពល ស្រុកពារាំង ខេត្តព្រៃវែង មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ។
២-ជនសង្ស័យម្នាក់ទៀត មិនស្គាល់ឈ្មោះ ភេទប្រុស (គេចខ្លួន)។

វត្ថុតាងចាប់យក៖
១-ដែកមុខសំប៉ែត រាង៦ជ្រុងចំនួនមួយ(របស់ជនសង្ស័យ)។
២-កាបូបលុយពណ៌ខ្មៅចំនួនមួយ ។

សម្ភារខូចខាត៖
-ម៉ូតូមួយគ្រឿងម៉ាក Honda c125 ស៊េរី២០២០ ស្លាកលេខ កណ្តាល 1V-7953 បែកគ្រាប់សោអស់ (របស់ជនរងគ្រោះ)។

សភាពរឿងហេតុ៖ កាលពីវេលាកើតហេតុខាងលើ ជនរងគ្រោះបានចាក់សោ.កម៉ូតូរបស់ខ្លួនចតទុកមុខផ្ទះ ហើយចូលក្នុងផ្ទះបាត់ទៅ ។
នៅពេលនោះក៏ស្រាប់តែឮសំឡេង ដេរម៉ូតូមិនឆេះ ក៏ចេញមកមើលឃើញជនសង្ស័យម្នាក់ឈ្មោះ ឃុត សំណាង បានបណ្តើរម៉ូតូរបស់ជនរងគ្រោះចេញពីផ្ទះបានប្រហែល ១០ម៉ែត្រ ក៏ស្រែកថា ចោរៗ ផ្អើលអស់ប្រជាពលរដ្ឋចេញមកដេញចាប់នឹងព្រួតវាយឡើងទ្រោមខ្លួន ចៃដន្យកម្លាំងសមត្ថកិច្ចកំពុងតែល្បាតក្បែរនោះ ក៏បានធ្វើការឃាត់ខ្លួនតែម្តង ចំណែកបក្ខពួកម្នាក់ទៀត បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់