ភ្នំពេញៈ ក្មេងប្រុសម្នាក់ បន្ទាប់ពីបាត់ខ្លួនមួយយប់ ស្អែកឡើងស្រាប់តែឃើញស្លាប់ អណ្ដែតក្នុងទឹកស្រះក្បែរផ្ទះ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង២០ នាទីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងស្រះភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពក្មេងរងគ្រោះមានឈ្មោះ គីម ឡុង អាយុ ៨ ឆ្នាំ ស្នាក់នៅជាមួយគ្រួសារ ក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន នៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ដោយបាត់ក្មេងប្រុសខាងលើ មិនឃើញទើបក្រុមគ្រួសារ រាយមករាយការណ៍ មកខាងសមត្ថកិច្ច និងអាជ្ញាធរចុះជួយស្វែងរក តែមិនឃើញសោះ រហូតដល់ព្រឹកឡើង នៅតែរកមិនឃើញទៀត រហូតមកដល់ម៉ោង១ និង២០ នាទីរសៀលថ្ងៃទី៤ ខែមិថុនានេះ ទើបប្រទះឃើញសពក្មេងរងគ្រោះ ស្លាប់នៅក្នុងទឹកស្រះបាត់ទៅហើយ ។
ក្រោយពេលប្រទះឃើញ សាកសពក្មេងប្រុសខាងលើរួច ទើបក្រុមគ្រួសាររាយការណ៍ ទៅខាងអាជ្ញាធរមានសមត្ថកិច្ច ចុះពិនិត្យដល់ទីតាំងកន្លែងកើតហេតុ ។
បច្ចុប្បន្នសពក្មេងប្រុសខាងលើ កំពុងរង់ចាំកម្លាំងសមត្ថកិច្ច ជំនាញកោសល្យវិច័យ ចុះពិនិត្យរួចទើបប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ម
មតិយោបល់