ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ដោយសារតែភ្លើងប្រច័ណ្ឌគ្មានការពិចារណាបង្កដោយបុរសម្នាក់ជាប្តីបានប្រើអំពើហិង្សាក្នុងគ្រួសារបង្កឲ្យស្ត្រី ជាប្រពន្ធរងរបួសដោយវាយនឹងដៃចំគុម្ពត្រចៀកខាងស្តាំ ព្រមទាំងយកពូថៅ វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបណ្តាលឲ្យខូចខាតខ្ទេចខ្ទី អស់មួយចំនួន ។
ហេតុការណ៍នេះកើតឡើងកាលពី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ម៉ោង១៤និង២៥នាទី នៅចំណុចផ្ទះជនរងគ្រោះ ឈ្មោះ សាំង សុភី ត្រូវជាប្រពន្ធ អាយុ៤១ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ហើយត្រូវបាន សមត្ថកិច្ចនគរបាលស្រុកក្រគរ ចាប់ឃាត់ខ្លួន។
តាមរបាយការណ៍របស់សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាប្តីឈ្មោះ ទិម គឹមស៊្រាង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិថ្គោលតូច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមកពីផឹកស៊ី ស្រវឹងខណ:ពេលមកដល់ផ្ទះជនសង្ស័យជាប្តីបានរករឿងចោទប្រពន្ធមានសាហាយជាមួយអ្នកផ្សេង ជនរងគ្រោះជាប្រពន្ធតមាត់ថាខ្លួនគ្មានសាហាយជាមួយអ្នកផ្សេងនោះទេ បុរសជាប្តីមិនព្រមស្តាប់តាមការអង្វរកររបស់ជនរងគ្រោះជាប្រពន្ធ ក៏បានបង្កហិង្សាដោយសារភ្លើងប្រច័ណ្ឌនេះទៅ ។
សមត្ថកិច្ចបានបន្តថា ករណីហិង្សានេះត្រូវបានសមត្ថកិច្ច នគរបាលមូលដ្ឋាន ចាប់ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤១នាទី ដើម្បីយកទៅធ្វើការអប់រំ ៕
មតិយោបល់