ព័ត៌មានជាតិ

កាច់សោ.កម៉ូតូបានសម្រេច បម្រុងជិះចេញទៅ ត្រូវម្ចាស់ក្របួចជាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្រោយពីម្ចាស់ផ្ទះជួលដេញចេញពីបន្ទប់ជួលគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត បែកគំនិតលួចកាច់សោ.កម៉ូតូអ្នកជិតខាង ខណៈកាច់សោ.កបែកគ្រាប់អស់ហើយក៏ឡើងទៅយកកាបូបខោអាវនៅជាន់លើចុះមកវិញឡើងជិះម៉ូតូបម្រុងចេញទៅត្រូវម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង ១២និង៣០នាទីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចែម នាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរមិនពិតប្រកដ ស្នាក់បន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកសំរោង ខេត្តតាកែវ។

តាមការបកស្រាយពីជនសង្ស័យបានឪ្យដឹងថា ដោយសារតែគ្មានលុយបង់ថ្លៃផ្ទះជួលទើបម្ចាស់ផ្ទះដេញលែងឱ្យស្នាក់នៅ ដោយគ្មានលុយជិះរថយន្តឈ្នួលទៅស្រុកកំណើត ទើបបែកគំនិតឃើញម៉ូតូអ្នកជួលបន្ទប់ជិតគ្នាម៉ាកNex ពណ៌ទឹកក្រូចលាយស ពាក់ស្លាកលេខភ្នំពេញ1HT 3367 ចតនៅមុខបន្ទប់ជួល ដោយម្ចាស់នៅខាងក្នុងបន្ទប់ ឃើញឱកាសល្អក៏យកដែកចុងស្រួចមកកាច់សោ.កបំបែកគ្រាប់ តែម្តង។

ជនសង្ស័យបន្តទៀតថា ពេលដែលធ្វើសកម្មភាពបានសម្រេចហើយ ខ្លួនក៏ឡើងទៅបន្ទប់ខ្លួនវិញដែលនៅជាន់ទី២ ដើម្បីយកកាបូបខោអាវ ។ លុះពេលចុះមកវិញគ្រាន់តែបោះជើងឡើងបញ្ឆះម៉ូតូបម្រុងជិះចេញទៅ ស្រាប់តែម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ចតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ជូនម្ចាស់វិញ៕

មតិយោបល់