ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចកាត់ខ្សែកាប ត្រូវសមត្ថកិច្ចឃាត់ខ្លួនម្នាក់

សៀមរាបៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២១ លើចំណុចតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅក្រុមទី១១ ភូមិគោកស្រុក ឃុំពួក ស្រុកពួកខេត្តសៀមរាប កម្លាំងអធិការដ្ឋានស្រុកពួក បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែកាប ។

លោកវរសេនីយ៍ឯក ទេព ពុំសែន បានបញ្ជាក់ថា នៅវេលាម៉ោង ០៦និង០០នាទី ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ សមត្ថកិច្ចបានទទួលព័ត៌មានតាមទូរស័ព្ទពីឈ្មោះ អុន វណ្ណះ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប តួនាទី និយោជិកទូរគមនាគមន៍កម្ពុជាតិខេត្តសៀមរាប រាយការណ៍ឲ្យដឹងថា មានជនសង្ស័យគ្នា០៣នាក់ លួចកាត់ខ្សែកាបនៅចំណុចកើតហេតុខាងលើ ហើយជនសង្ស័យ០២នាក់ផ្សេងទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សៀន ភារ: និងវត្ថុតាងរួមមាន : មធ្យោបាយចំនួន ០១គ្រឿងម៉ាកហុងដាទ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៧ ពាក់ផ្លាកលេខសៀមរាប 1X-4025 លេខតួ.លេខម៉ាស៊ីនND125ME-9720640 រ៉ឺម៉កសណ្ដោងចំនួន ០១ ពណ៌ខៀវ និងខ្សែកាបត្រូវបានកាត់រួចចំនួន០១ដុំ ទម្ងន់ ១៦គ.ក ។

នៅចំពោះមុខសមត្ថកិច្ចជន សង្ស័យឈ្មោះ សៀន ភារ: បានឆ្លើយសារភាពថា ខ្លួនមានបក្ខពួកគ្នា៣នាក់គឺ: ១.រូបខ្លួនផ្ទាល់, ២.ឈ្មោះតយ (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានម៉ូតូ១គ្រឿង ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ, ៣.ឈ្មោះ ធឿន (មិនស្គាល់ត្រកូល) ភេទប្រុស អាយុប្រហែល៣៤ឆ្នាំ មានម៉ូតូ ០១គ្រឿង ម៉ាកហុងដាទ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ បិទតែម២០២០ ពួកគេជាអ្នករស់នៅជិតខាងគ្នា ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប បានរួមគំនិតគ្នា ធ្វើសកម្មភាពលួចកាត់ខ្សែកាប ត្រូវបានបុគ្គលិកក្រុមហ៊ុនខ្សែកាបមកទាន់ បក្ខពួកខ្លួនឈ្មោះ តយ , ឈ្មោះ ធឿន ជិះម៉ូតូគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកសាលាដំបូងខេត្ត ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

មតិយោបល់