ព័ត៌មានជាតិ

មន្ត្រីសាលាស្រុកឱរ៉ាល់ម្នាក់ ជិះម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យស្លាប់បាត់បង់ជីវិត

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័កពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៩និង០៩នាទី ចំណុចលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ២៩–៣០ ស្ថិតក្នុងភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងម៉ូតូបុកគោយន្តកន្ត្រៃពីក្រោយ ។

នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកHONDA Dream ផលិតឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1U-9940 បើកបរដោយឈ្មោះ ជួប ចាន់ ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិត្រពាំងតាមាន់ ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមន្ត្រីសាលាស្រុកឱរ៉ាល់ (ប្រធានការិយាល័យច្រកចេញចូលតែមួយ) ស្នាក់នៅភូមិគោក ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បើកបរម៉ូតូក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែទៅបុកគោយន្តកន្ត្រៃ០១គ្រឿង ពីក្រោយ ម៉ាក KUBOTA កម្លាំង១៤សេស ដឹកអុសក្រាក់ បើកបរដោយជនមិនស្គាល់អត្តសញាណ (គេចខ្លួន) ខណ:កំពុងបើកបរស្របទិសគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងម៉ូតូជាប់កន្ទុយរ៉ឺម៉កគោយន្តដឹកអុសក្រាក់ ខូចខាតមួយកំណាត់មុខធ្ងន់ ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះត្រួតពិនិត្យវាស់វែងកន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនទៅសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងទាំង០២គ្រឿង ត្រូវបានចាប់យកមករក្សាទុក នៅអធិការរដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់