ព័ត៌មានជាតិ

កម្លាំងនគរបាលសហការគ្នា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចលុយនិងមាសនៅក្នុងទូជនរងគ្រោះ បានចំនួន២៧លានរៀល មាសចំនួន២តម្លឹងមួយជីកន្លះ យកទៅទិញម៉ូតូ

តាកែវ: ថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងសាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ឌឹម សុវណ្ណារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិរលាំងគ្រីល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ករណីលួចមានស្ថានទំងន់ទោស បានចូលធ្វើសកម្មភាពលួចលុយ និងមាសក្នុងទូដែលម្ចាស់មិនបានដកកូនសោចេញ របស់ឈ្មោះ សំរិទ្ធ សាឡុង ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ អស់ចំនួន២៧លានរៀលនិងមាសចំនួន២តម្លឹងមួយជីកន្លះ ។ នៅក្នុងខណ:ពេលជនសង្ស័យ លួចបានក៏យកលុយទៅទិញ ម៉ូតូមួយគ្រឿង ធុនឌូក ពណ៌ខ្មៅ លាយស ពាក់ផ្លាលេខភ្នំពេញ1CF9374 ក្នុងតំម្លៃ១៧០០ដុល្លារ ។

លុះដល់ថ្ងៃព្រហស្បតិ៍ ១កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ កម្លាំងសមត្ថកិច្ចសហការជាមួយជនរងគ្រោះ ឃាត់ខ្លួនជនសង្យ័យ និងបានលុយ១០លាននិង៤៥ម៉ឺនរៀល មាស២តម្លឹង១ជីកន្លះ ។ ជនសង្ស័យបានសារភាពថា ក្រោយពេលធ្វើសកម្មភាពលួចលុយ បានយកលុយទិញម៉ូតូនៅភ្នំពេញ លុះពេលត្រឡប់មកវិញ ទើបសមត្ថកិច្ចឃាត់ខ្លួននិងដកហូតសម្ភារ: ។

ដោយមានការសម្របសម្រួលពីឯកឧតម្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងការបញ្ជាផ្ទាល់ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ អធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្យ័យឈ្មោះ ឌឹម សុវណ្ណារ៉ា មកអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីកសាងសំណុំរឿង តាមនីតិវិធីដើម្បីបញ្ជូនជនសង្ស័យ ផ្តន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់