ព័ត៌មានជាតិ

បងប្អូនបង្កើត២នាក់ចុះងូតទឹកស្រះបណ្តាលឲ្យលង់ស្លាប់នៅស្រុកពួក

សៀមរាប: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្មេងប្រុសស្រីត្រូវជាបងប្អូនបង្កើតនឹងគ្នាចំនួន២នាក់បានលង់ស្លាប់ខណ:ពួកគេនាំគ្នាចុះមុជទឹកស្រះ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១​ នៅវេលាម៉ោង១៤និង០០នាទីត្រង់ចំណុចស្រះជីកវាលស្រែព្រៃរបោះ ស្ថិតនៅទិសខាងកើតឈៀងទិសខាងជើងនៃផ្ទះក្នុងភូមិក្បាលក្រពើ ឃុំរើល ស្រុកពួក ខេត្តសៀមរាប។

លោកវរសេនីយ៍ឯកទេពពុំសែនអធិការនៃអធិការដ្ឋាននគរបាលស្រុកពួកបានឲ្យដឹងថាក្មេងរងគ្រោះទាំង២នាក់មានឈ្មោះឌន់ចន្ថាភេទស្រីអាយុ១១ឆ្នាំជាសិស្សនិងឈ្មោះឌន់ចាន់ឌីភេទប្រុសអាយុ៨ឆ្នាំជាសិស្ស។ក្មេងទាំង០២នាក់នេះជាបងប្អូនបង្កើតនឹងគ្នាដែលមានឪពុកឈ្មោះសនគន់អាយុ៣៤ឆ្នាំនិងម្ដាយឈ្មោះត្រើងរូនអាយុ៣០ឆ្នាំជាកសិកររស់នៅភូមិ-ឃុំកើតហេតុខាងលើ។

តាមការបំភ្លឺរបស់ឪពុកម្ដាយក្មេងរងគ្រោះបានឲ្យដឹងថា:មុនកើតហេតុចន្លោះប្រហែលម៉ោង១៣និង០០នាទីកូនរបស់គាត់៣នាក់បងប្អូនទី១.ឈ្មោះឌន់ចន្ថាភេទស្រី។ទី២.ឈ្មោះឌន់ចាន់ឌីនភេទប្រុសនិងទី៣.ឈ្មោះឌន់ចាន់ដមភេទប្រុសអាយុ៦ឆ្នាំ(ជាប្អូន)បានសុំម្តាយទៅលែងផ្ទះអ្នកជិតខាងគ្នាដើម្បីរើសផ្លែត្នោតទុំម្ដុំស្រះកើតហេតុហើយបងប្រុសស្រី២នាក់បានចុះមុជទឹកលេងក្នុងស្រះក៏បាត់ខ្លួនតែម្តង។ចំណែកប្អូនឈ្មោះឌន់ចាន់ដមឃើញដូច្នោះក៏បានស្រែកយំឮដល់អ្នកភូមិជិតខាងឈ្មោះសឿមឌុលភេទប្រុសអាយុ៤២ឆ្នាំបានទៅសួរនាំទើបដឹងរឿងថាក្មេងលង់ទឹកស្រែកឆោឡោដឹងដល់ឪពុកម្ដាយក្មេងនាំគ្នាចុះស្រង់ប្រទះឃើញក្មេងទាំង២អោបគ្នាជាប់ក្នុងទឹកផុតដង្ហើមស្លាប់បាត់ទៅហើយ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញនៅកន្លែងកើតហេតុ(ស្រះទំហំ១០ម៉ែត្រ×១០ម៉ែត្រជម្រៅ២.៥០ម៉ែត្រ)ការពិនិត្យជាក់ស្ដែងសពក្មេងរងគ្រោះទាំងពីរមានដីជាប់ក្នុងភ្នែករន្ធច្រមុះជារួមលើខ្លួនប្រាណសពក្មេងទាំងពីរមិនមានជាប់ពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌឡើយគឺពិតជាស្លាប់ដោយលង់ទឹកពិតប្រាកដមែន។

ក្រោយពិនិត្យនិងធ្វើកំណត់ហេតុសមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់