បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ពលករខ្មែរម្នាក់បានធ្លាក់ពីលើផ្ទះថ្មកម្ពស់៣ជាន់នៅប្រទេសថៃរងរបួសធ្ងន់ក្រោយមកបានស្លាប់វេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ខណៈនាំមកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅខេត្តបាត់ដំបង។
លោកវរសេនីយ៍ឯកយ៉តសុផលអធិការនគរបាលស្រុកភ្នំស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះញិបឃានភេទប្រុសអាយុ៣៧ឆ្នាំនៅភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យបានធ្វើចំណាកស្រុកទាំងគ្រួសារទៅធ្វើកម្មករសំណង់នៅប្រទេសថៃក្នុងឃុំមិនបូរីខេត្តណងចកប្រទេសថៃ។
ប្រភពបន្តថាតាមការឲ្យដឹងពីក្រុមគ្រួសារនៅវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះកំពុងតែធ្វើការស្រាប់តែធ្លាក់ពីលើផ្ទះថ្មកំពុងសាងសង់កម្ពស់៣ជាន់បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរហើយក៏បានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យប្រទេសថៃតែដោយសាររបួសធ្ងន់ធ្ងរពេកមិនអាចព្យាបាលបានក្រុមគ្រួសារបាននាំយកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។លុះវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២១ជនរងគ្រោះបានស្លាប់។
សពជនរងគ្រោះត្រូវបានក្រុមគ្រូពេទ្យស្រុកសំពៅលូនបានដឹកមកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសពភូមិគោកចាស់ឃុំណាំតៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ។ចំពោះប្រពន្ធនិងកូនស្រីរបស់សពត្រូវបានអនុញ្ញាតឲ្យធ្វើចត្តាឡីស័កនៅនឹងផ្ទះផងដែរ៕

មតិយោបល់