ព័ត៌មានជាតិ

កម្លាំងល្បាតនគរបាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ពាក់ព័ន្ធករណីលួយម៉ូតូរ៉ឺម៉ក

ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ កម្លាំងល្បាតតាមផ្លូវបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកចំនួន៣នាក់ ពាក់ព័ន្ធករណីលួចម៉ូតូរ៉ឺម៉ក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០៥នឹង០០នាទី ត្រង់ចំណុចស្ថានីយ៍ប្រេងសាំងតេលា ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោកអធិការនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាជនរងគ្រោះឈ្មោះ ម៉េង ឆេងឃាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ រឿន សុភ័ក្ត្រ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន)។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកសេ១១០កូរ៉េ Plus ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខ ភ្នំពេញHY-4058 មានលេខតួ043617 និងលេខម៉ាស៊ីន1123147 សណ្តោងរ៉ឺម៉កចំនួន០១គ្រឿង, កង់ពណ៌ទឹកប្រាក់ចំនួន០១គ្រឿង។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បន្តថាកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង០១នឹង៣០នាទី ជនរងគ្រោះឈ្មោះ ម៉េង ឆេងឃាង ភេទប្រុស អាយុ២៧ឆ្នាំ កំពុងតែដេកនៅផ្ទះស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែឈ្មោះ រឿន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) បានមកខ្ចីម៉ូតូម៉ាកសេ១១០កូរ៉េ Plus ពណ៌ឈាមជ្រូក ពាក់ផ្លាកលេខភ្នំពេញHY-4058 មានលេខតួ043617 និងលេខម៉ាស៊ីន1123147 សណ្តោងរ៉ឺម៉ក របស់ជនរងគ្រោះទៅរកត្រីនៅវាលស្រែដែលមានចម្ងាយពីផ្ទះជនរងគ្រោះប្រហែល៥០០ម៉ែត្រ។ ពេលទៅដល់ឈ្មោះ រឿន រដ្ឋា ក៏បានទុកម៉ូតូសណ្តោងរ៉ឺម៉កខាងលើ នៅមុខស្ថានីយ៍ប្រេងសាំងតេលា ស្ថិតនៅភូមិព្រៃវែងកើតខាងលើដែរ ដោយបានចាក់ច្រវ៉ាក់ជាប់ជាមួយកង់ម៉ូតូ រួចក៏ដើរទៅរកត្រីមានចំងាយពីម៉ូតូប្រវែង៥០ម៉ែត្រ។ រហូតដល់វេលាម៉ោង០៥នឹង០០នាទី ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យចំនួន០៣នាក់ ទី១-ឈ្មោះ រឿន សុភ័ក្ត្រ ភេទប្រុស អាយុ២១ឆ្នាំ ទី២-ឈ្មោះ សិត ភេទប្រុស អាយុ២០ឆ្នាំ ទី៣-ឈ្មោះ ធាន ភេទប្រុស អាយុ២០ឆ្នាំ ជិះម៉ូតូ០១គ្រឿងម៉ាកសេ១១០ (សង់ប៊ិច) និងកង់ពណ៌ទឹកប្រាក់០១គ្រឿង មកធ្វើកម្មភាពធាក់ច្រវ៉ាក់ដែលចាក់ជាប់នឹងកង់ម៉ូតូផ្តាច់។ ពេលនោះឈ្មោះ រឿន រដ្ឋា បានក្រឡេកឃើញជនសង្ស័យកំពុងធ្វើសកម្មភាព ក៏ស្រែកឆោឡោថាចោរៗ ឃើញដូចនេះជនសង្ស័យក៏បាននាំគ្នារត់គេចខ្លួន ស្របពេលនោះក៏មានកម្លាំងសមត្ថកិច្ចដែលជិះម៉ូតូល្បាតតាមផ្លូវបានឃើញហេតុការណ៍នោះក៏ជួយអន្តរាគមន៍ដេញតាមឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ រឿន សុភ័ក្ត្រ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែងតាមនីតិវិធីច្បាប់
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកខាងលើ ពិតជាបានលួចម៉ូតូរ៉ឺម៉ករបស់ជនរងគ្រោះប្រាកដមែន ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់