ព័ត៌មានជាតិ

រកឃើញទីតាំងឃ្លាំងស្ដុកម៉ាស៊ីនជនជាតិចិន ២កន្លែង នៅក្រុងព្រះសីហនុ មិនឯងកសារបង់ពន្ធនាំចូល

ព្រះសីហនុ: នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ សមត្ថកិច្ចគយចល័ត នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ រួមទាំងមានចូលរួមពីកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងកងរាជអាវុធហត្ថ ៤០២ របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពីលោក សុខ កល្យាណប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញា សៀង សុខ ហើយនិងលោកព្រះរាជអាជ្ញារង លឹម ប៊ុនហេង ដឹកនាំចុះអនុវត្តន៏ផ្ទាល់ អនុវត្តន៍តាមដីកាលេខ២៨០៥ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ របស់សាលាដំបូងខេត្តព្រះសីហនុ បានចូលឆែកត្រួតពិនិត្យក្នុងឃ្លាំងលក់ម៉ាស៊ីនភ្លើងចំនួន២កន្លែង មានម្ចាស់ជាជនជាតិចិន ដែលមានទីតាំងដូចខាងក្រោម៖

១-ឃ្លាំងស្តុកម៉ាស៊ីនភ្លើងមានឈ្មោះ ហាង ហ្វូលីស៊ឺថឹ មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ។
២-ឃ្លាំងស្តុកម៉ាស៊ីនភ្លើង (គ្មានឈ្មោះ) មានទីតាំងនៅ ឃ្លាំងគ្មានលេខ ផ្លូវជាតិលេខ៤ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ទល់មុខរោងចក្រស្រាបៀរក្រោន ឆៀងខាងលិច ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ។

ជាលទ្ធផលនៃប្រតិបត្តិការខាងលើ សមត្ថកិច្ចរកឃើញមានម៉ាស៊ីនភ្លើងថ្មី ទាំងតូចទាំងធំ ប្រមាណជាង៦០គ្រឿង ដែលមិនទាន់មានឯកសារបង់ពន្ធនាំចូល ខុសនិងនិតិវិធីគយ។

បច្ចុប្បន្ន វត្ថុតាងខាងលើ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន ហើយតម្រូវឲ្យម្ចាស់ចូលទៅបង្ហាញឯកសារបង់ពន្ធ និងបើគ្មានឯកសារត្រឹមត្រូវ តម្រូវឲ្យម្ចាស់បង់ពន្ធជូនរដ្ឋ ជាមួយនឹងការផាកពិនយ័តាមនិតិវិធីច្បាប់៕

មតិយោបល់