សៀមរាបៈ គ្រួសារសពលោក ផាត់ វ៉ាត់ ជាអតីតយុទ្ធជនពិការ ដែលបានទទួលមរណៈភាព ដោយខ្យល់គរស្លាប់ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅត្រង់ចំណុចភូមិមោងខាងត្បូង ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប បានទទួលថវិកាមរណៈសង្គ្រោះ ចំនួន៤លានរៀល របស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា។
ថវិកានេះ ត្រូវបានលោកវរសេនីយ៍ឯក រុព្ភ សុវឌ្ឍន៍ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹងរងខេត្តសៀមរាប ជាតំណាងលោកឧត្តមសេនីយ៍ត្រី ស៊ិន ភាត់ ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប រួមទាំងសហការី បាននាំយកទៅប្រគល់ជូន នៅព្រឹកថ្ងៃពុធ ទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងនោះមានការអញ្ជើញចូលរួមពីកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរដែនដីផងដែរ។
លោកវរសេនីយ៍ត្រី អ៊ុន ស្រស់ អធិការនគរបាលស្រុកស្រីស្នំ បានឲ្យដឹងថា ការប្រគល់ថវិកានាពេលនេះ ជាការចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារសព ក៏ដូចជាការដឹងគុណ ចំពោះអតីតយុទ្ធជនកម្ពុជាទាំងអស់ ដែលបានខិតខំតស៊ូ ពុះពារគ្រប់ឧបសគ្គ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ រហូតដល់ធ្លាក់ខ្លួនពិការភាពអស់មួយជីវិត អ្នកខ្លះក៏បានបាត់បង់ជីវិត ចោលប្រពន្ធកូនទៀតផង៕
មតិយោបល់