ព័ត៌មានជាតិ

Update៖ នារីបរទេសម្នាក់ បើករថយន្តបុករះ បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ចោលប្តីនិងកូន២នាក់

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍ នារីបរទេសម្នាក់បើករថយន្តលុចស៊ីស RX300 បុករះម៉ូតូ និងរថយន្ត បណ្តាលឲ្យស្ត្រីកម្មករសំណង់ម្នាក់ស្លាប់ ចោលប្តីនិងកូនប្រុសស្រី២នាក់ នៅវេលាម៉ោង០២និង ៤០នាទី រសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៦ កែងផ្លូវលំក្នុងភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះឈ្មោះ អួច សាវ៉ាត អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំស្វាយរំពា ស្រុកមុខកំពូល ខេត្តកណ្តាល មុខរបរកម្មករសំណង់ មានប្តីនិងកូនប្រុសស្រីក្នុងបន្ទុក២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1C 7206 ។ ចំណែកស្ត្រីជាជនបរទេស មិនត្រូវបានស្គាល់ឈ្មោះនោះទេ បើកបររថយន្តមួយគ្រឿងម៉ាកលុសស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខសៀមរាប 2B 5954 ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះខាងលើ ជិះម៉ូតូតែម្នាក់ឯង ចេញពីភូមិរបស់ខ្លួនបំណងទៅបើកលុយ នៅការដ្ឋានសំណង់មួយកន្លែង ក្នុងខណ្ឌជ្រោយចង្វា តែមិនទាន់ដល់ផង គ្រាន់តែបើកម៉ូតូចេញពីផ្លូវលំឡើងពីផ្លូវជាតិលេខ៦ រួចបត់ស្តាំបានប្រមាណ១០ម៉ែត្រ ក៏ត្រូវរថយន្តលុសស៊ីសខាងលើ ដែលបើកដោយស្ត្រីជនបរទេស ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង អូសប្រមាណជិត២០ម៉ែត្រ បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ រួចមិនទាន់អស់ល្បឿនរថយន្តបង្កក៏ជ្រុលទៅបុករថយន្ត CRV ដែលកំពុងបើកមួយគ្រឿងទៀត រងការខូចខាតយ៉ាងដំណំ ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ពិនិត្យ មើលកន្លែងកើតហេតុ និងឃាត់តៃកុងរថយន្តបង្ក រួចទាក់ទងជំនាញ ឲ្យចុះមកពិនិត្យវាស់វែង ចាត់ការបន្តតាមនីតិវិធី ។ រីឯសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់