ព័ត៌មានជាតិ

ចេញពីធ្វើការ ចោរស្ទាក់ភ្ជង់ប្លន់យកម៉ូតូថ្មីទៅបាត់ ទុកអាវ៉េវកញ្ចាស់ឲ្យជនរងគ្រោះ

ភ្នំពេញៈ បុរសម្នាក់ ជិះម៉ូតូចេញពីធ្វើការត្រឡប់ទៅផ្ទះវិញ ដល់ពាក់កណ្តាលផ្លូវ ត្រូវបានលោកចោរមានចិត្តមេត្តា ស្ទាក់មុខ ដកកាំភ្លើងខ្លីភ្ជង់យកម៉ូតូថ្មីទៅបាត់ ដោយសុវត្តិភាព រួចទុកអាវ៉េវកញ្ចាស់ឲ្យជនរងគ្រោះ គ្រាន់យកទៅប្តឹងប៉ូលិស កាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅដីវាលខាងជើងវត្តតាភេម ភូមិតាភេម សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ស៊ឹម ចាន់ថន អាយុ៣០ឆ្នាំ មុខរបរ កម្មការនីរោងចក្រ សាព្រីណា មានប្តីឈ្មោះ សាក់ សិទ្ធ អាយុ៣១ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិសែនជ័យ ។ ចំណែកម៉ូតូ ដែលចោរដៃឆើត យកទៅបាត់ ម៉ាក ហុងដា សេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-9538 ជាកម្មសិទ្ធរបស់ឪពុកឈ្មោះ កាន សាក់ មានទីលំនៅ ក្នុងភូមិជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់គ្មានទំនាស់ជាមួយអ្នកណា ឬអ្នកក្នុងភូមិឡើយ ហើយជនសង្ស័យក៏គាត់មិនដែលស្គាល់មុខ ស្គាល់អត្តសញ្ញាណដែរ ។

ស្ត្រីរងគ្រោះបន្តទៀតថា មុនកើតហេតុ គាត់ចេញពីធ្វើការ ឈប់ទិញម្ហូបមុខរោងចក្រហើយ ជិះម៉ូតូឆ្ពោះទៅផ្ទះ តាមផ្លូវបេតុង ជាប់ប៉ុស្តិ៍កំបូល ឆ្ពោះទៅវត្តតាភេម លុះទៅដល់ ដីវាលខាងជើងវត្ត ក្រៅភូមិ ជិតឡើងដល់ផ្លូវចូលភូមិរំដួលហើយ ស្រាប់តែជនសង្ស័យម្នាក់ ជិះម៉ូតូ ម៉ាក វ៉េវ កញ្ចាស់ ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1C-1388 វ៉ាជែងទៅឈប់ស្ទាក់ពីមុខ ឃាត់ឲ្យឈប់ ដកកាំភ្លើងខ្លី ពណ៌ខ្មៅប្រផេះ ដែលនាងមិនស្គាល់ម៉ាក មិនដឹងថា ជាកាំភ្លើង ជ័រ កាំភ្លើងដែកកេះ ឬកាំភ្លើងមែនទេននោះទេ ភ្ជង់គំរាមឲ្យចុះ ត្រូវបាននាងសូមអង្វរ សុំយកកាតក្រោមកែបម៉ូតូ ជនសង្ស័យយល់ព្រម ចាក់សោបើកកែប យកកាតរោងចក្រ គ្រវែងចោលនៅដីហើយ បើកម៉ូតូរត់គេចទៅបាត់ ដោយបន្សល់ទុកម៉ូតូអាវ៉េវកញ្ចាស់ នៅកន្លែងកើតហេតុ ។

ក្រោយកើតហេតុ លោកចោរប្លន់យកម៉ូតូថ្មីទៅបាត់ ទុកអាកញ្ចាស់ឲ្យជនរងគ្រោះ ផ្អើលដល់សមត្ថកិច្ចចុះទៅ សាកសួរ ពិនិត្យដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះ រួមជាមួយម៉ូតូជនល្មើសមួយគ្រឿង មកបន្តសាកសួរ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំបូល ដើម្បីបន្តធ្វើការស្រាវជ្រាវ ៕

មតិយោបល់