ព័ត៌មានជាតិ

បុរសម្នាក់បើកបរក្នុងស្ថានភាពស្រវឹង បណ្តាលឲ្យបុករះម៉ូតូកង់បី និងរថយន្ត ខូចខាតយ៉ាងដំណំ

ភ្នំពេញៈ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ស្រវឹងជោកជាំ បើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន រួចក៏រេចង្កូតជ្រុលទៅបុកពីក្រោយម៉ូតូកង់បីមួយគ្រឿងទៀត កំពុងចតស្ងៀម នៅត្រង់ចំណុចស្ថានីយ ប្រេងឥន្ទនៈកាល់ទិច តាមបណ្ដោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ហើយបន្ថែមល្បឿនបើកគេចខ្លួនយ៉ាងលឿន ជ្រុលបុករថយន្តបែនដឹកដីធុនធំមួយគ្រឿងទៀត ម្តុំស្តុបស្ពានដែកចំការដូង ផ្លូវ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿង ម៉ាកកាមារីបាឡែន ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-5242 ធ្វើដំណើរក្នុងស្ថានភាពស្រវឹងជោកជាំ តាមបណ្ដោយផ្លូវ២១៧ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងស្តាំបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HW-1635 បានឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ ធ្វើឲ្យខ្ទាតទៅមុខបុកទម្លុះរបងស័ង្កសីដីឡូត៍ បាក់ខូចខាតអស់២ទៅ៣ផ្ទាំង និងបណ្តាលឲ្យម៉ូតូកង់បីរងការខូចខាត ក្រពឹតផ្នែកខាងក្រោយ ។ ចំណែកឯរថយន្តបង្ក មិនបានឈប់ចុះមកធ្វើការដោះស្រាយនោះទេ បែរជាបើករត់គេចពីកន្លែងកើតហេតុ ដោយក្នុងល្បឿនលឿន រហូតដល់ចំណុចស្តុប ស្ពានដែកចំការដូង រថយន្តនោះក៏បានជ្រុលចង្កូត ទៅបុកពីក្រោយរថយន្ត បែនដឹកដីធុនធំមួយគ្រឿងទៀត មិនចាំម៉ាកកំពុងឈប់រង់ចាំស្តុប បណ្តាលឲ្យរងការខូចខាតទៅមុខលែងរួច ។

ភ្លាមៗនោះរថយន្តបែនដឹកដី មិនចង់មានរឿងរ៉ាវវែងឆ្ងាយ ក៏បន្តដំណើរចេញទៅបាត់ ដោយមិនទាមទារសំណងអ្វីនោះទេ ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ ។

ក្រោយពេលកើតហេតុ ក៏មានភាគីខាងម៉ូតូកង់បី បានមកធ្វើការចរចា ដោះស្រាយគ្នាជាមួយម្ចាស់រថយន្តបង្ក ហើយដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ភាគីខាងរថយន្តបង្កក៏ព្រមចេញសំណងចំនួន៣៥០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូកង់បី ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់