ព័ត៌មានជាតិ

ម៉ូតូបុកគោយន្តកែច្នៃ បណ្តាលឲ្យប្តីស្លាប់នៅកន្លែងកើតហេតុ ប្រពន្ធរងរបួសធ្ងន់

កំពត: នៅថ្ងៃច័ន្ទ ១២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៤និង ២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងត្រង់ចំណុចភូមិត្រពាំងសេះ ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត លើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ១២១-១២២ រវាងគោយន្តកែច្នៃ និងម៉ូតូបណ្តាលឲ្យប្តីស្លាប់ប្រពន្ធរងរបួសធ្ងន់ ក្នុងទិសដៅស្របគ្នា ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គេឃើញអ្នកបើកបរម៉ូតូមួយគ្រឿងមានឈ្មោះ កិល ហឿន ភេទប្រុស អាយុ៣៩ឆ្នាំ និងបានឌុបប្រពន្ធរួមដំណើរជាមួយឈ្មោះ ជ្រុន ចន្ថន អាយុ៣៨ឆ្នាំ (បានពាក់មួកសុវត្ថភាពទាំងពីនាក់) ។ ប្តីប្រពន្ធទាំងពីរនាក់នេះ រស់នៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ជិះម៉ូតូម៉ាកទ្រីម C125 ស៊េរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខ ព្រះសីហនុ 1D-8418 ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែបុកគោយន្តមួយគ្រឿងពីក្រោយ បណ្តាលឲ្យប្តីស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកឯប្រពន្ធបានរងរបួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឈូក ដើម្បីជួយសង្រ្គោះបន្ទាប់ផងដែរ ។ បន្ទាប់ពីកើតហេតុ គោយន្តច្នៃបើករត់គេចបាត់ស្រមោល ។ សាកសពជនរងគ្រោះនិងម៉ូតូ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ និងបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ រកអ្នកបើកគោយន្តមកទទួលខុសត្រូវតាមច្បាប់ ៕

មតិយោបល់