ព័ត៌មានជាតិ

បុរសម្នាក់បើកគោយន្តកន្ត្រៃដឹកជីទៅដាក់ស្រែ បានបុកដើមកន្សែងហោះផ្លោងទៅកៀបនឹងចង្វែកមែកដើមស្លាប់មួយរំពេច

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណ:បើកគោយន្តកន្ត្រៃទៅបុកដើមកន្សែងហើយផ្លោងទៅកៀបនឹងចង្វែកមែកដើមកន្សែងនោះ ។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងនៅវេលាម៉ោង០៧និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវលំត្រង់ចំណុចលើខ្នងអាងត្រពាំងថ្មខាងកើតលូដើមពុទ្រាចម្ងាយប្រហែល៣០០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងថ្មកណ្ដាល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះកែវ បូរ៉ាភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិត្រពាំងថ្មត្បូង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរងគ្រោះ បើកបរគោយន្តកន្ត្រៃចេញពីផ្ទះទៅដាក់ជីស្រែក្នុងទិសដៅពីកើត ទៅទិសលិចដល់ចំណុចលើខ្នងអាងត្រពាំងថ្ម ខាងកើតលូដើមពុទ្រ្ធាស្រាប់តែគោយន្តរេចង្កូតទៅបុកដើមកន្សែង ចំណែកជនរងគ្រោះបានផ្លោងខ្ទាតចេញពីគោយន្តទៅជាប់កៀប.ក ជាប់មែកចង្វែកដើមកន្សែងបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុតែម្តង គោយន្តខូចខាតបន្តិចបន្តួច។

ប្រភពដដែលបានបញ្ជាក់ថា៖ មូលហេតុ សង្ស័យជនរងគ្រោះត្រូវបានជំងឺសរសៃប្រសាទគាត់រើឡើងធ្វើឲ្យគាត់បាត់បង់ស្មារតី បើកគោយន្តរេចង្កូតធ្លាក់ពីលើខ្នងអាងទៅបុកដើមកន្សែងក្បែរនោះ(ជនរងគ្រោះលេបថ្នាំសរសៃប្រសាទ ជាប្រចាំថ្ងៃ) សពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់