សហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) បានប្រកាសជាផ្លូវការថា ច្បាប់ចាស់គិតគ្រាប់បាល់ចំណេញក្រៅដីនឹងត្រូវលុបចោល ពីការប្រកួតពានរង្វាន់អឺរ៉ុបទាំងអស់ ដែលការផ្លាស់ប្តូរច្បាប់នេះ នឹងត្រូវធ្វើឡើងភ្លាមៗតែម្តង ចាប់ពីរដូវកាល២០២១-២០២២ តទៅ នេះមានន័យថា ទាំង UEFA Champions League, UEFA Europa League, Women’s Champions League, UEFA Youth League, UEFA Super Cup និងពានរង្វាន់ទើបបង្កើតថ្មី UEFA Europa Conference League នឹងចាប់ផ្តើមអនុវត្តច្បាប់នេះ។
សម្រាប់ការប្រកួតវគ្គខ្វែងនៅក្នុងការប្រកួតរវាងក្លិបៗទាំងអស់ក្នុងក្របខណ្ឌ UEFA នឹងគ្មានច្បាប់គ្រាប់បាល់ចំណេញក្រៅដីនោះទេ។ ហើយលោក Aleksander Ceferin ប្រធាន UEFA បានបញ្ជាក់ឲ្យដឹងថា ការកែប្រែនេះធ្វើឡើងដើម្បីបង្កើនប្រសិទ្ធភាពការរកគ្រាប់ក្នុងដីឲ្យបានច្រើនវិញ ព្រោះការគិតគ្រាប់ចំណេញក្រៅដី ធ្វើឲ្យក្រុមនីមួយៗសម្រុកចង់ស៊ុតឲ្យបានច្រើនតែគ្រាប់ក្រៅដី និងតែងព្យាយាមបិទក្នុងទឹកដីខ្លួនឯង។
UEFA បានបញ្ជាក់ថា គ្រប់ការប្រកួតរបស់ក្លិបនៅ UEFA ទាំងអស់ទាំង រួមបញ្ចូលទាំងផ្នែកបុរស ផ្នែកនារី និងក្រុមយុវជន គឺនឹងត្រូវអនុវត្តច្បាប់ថ្មីទាំងអស់គ្នា ពោលគឺបើស្មើគ្រាប់បាល់ គឺត្រូវបន្ថែម១៥នាទីពីរដង ហើយបើនៅតែស្មើទៀត គឺត្រូវប៉េណាល់ទីកាត់សេចក្តីតែម្តង៕
មតិយោបល់