ភ្នំពេញៈ ជនសង្ស័យ៦នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន បន្ទាប់ពីករណីហិង្សា ដោយប្រើដាវកែច្នៃកាប់គ្នា បណ្ដាលឲ្យស្លាប់ម្នាក់ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្កការភ្ញាក់ផ្អើលកើតឡើង នៅវេលាម៉ោង៩ និង០០ នាទីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន៖
ទី១-ឈ្មោះ នុត ម៉ាប់ ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករសំណង់ ។
ទី២-ឈ្មោះ ប៊ុន ឆៃ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរបើករថយន្ត ។
ទី៣-ឈ្មោះ ហេង សុង ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ កម្មករសំណង់ ។
ទី៤ ឈ្មោះ យ៉េង ដាវីត ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក ។
ទី៦-ឈ្មោះ នួន ប៊ុនធឿន ភេទប្រុសអាយុ៣៨ ឆ្នាំមុខរបរកម្មករសំណង់ ។ ជនសង្ស័យទាំង៦ នាក់ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេកសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនរងគ្រោះមានឈ្មោះ ខែម សុគន្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពព័ត៌មាន បានឲ្យដឹងថា កាលពីវេលាម៉ោងកើតហេតុ ដោយសមត្ថកិច្ចមូលដ្ឋាន ប៉ុស្តិ៍នគរបាលចោមចៅទី១ កំពុងដើរល្បាតក្នុងមូលដ្ឋាន រួចមកក៏មានប្រជាពលរដ្ឋរាយការណ៍ថា មានករណីហិង្សាកាប់គ្នាទៅវិញទៅមក នៅចំណុចភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ក្រោយទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចក៏ចុះដល់ទីតាំងកន្លែងកើតហេតុ គេឃើញជនរងគ្រោះរបួសធ្ងន់ទើបបញ្ជូនទៅសង្គ្រោះភ្លាមៗ តែអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យ ។ ក្រោយមានការចង្អុលបង្ហាញពីប្អូនជនរងគ្រោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យចំនួន៦ នាក់ដែលពាក់ព័ន្ធនឹងករណីខាងលើ មកសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចោមចៅទី១ និងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។
ផ្អែកតាមពាក្យបណ្ដឹង របស់ប្រពន្ធជនរងគ្រោះ និងតាមការបំភ្លឺសាក្សីចម្លើយសារភាព របស់ជនសង្ស័យ ពិតជាមានករណីដូចខាងលើពិតប្រាកដមែន ៕
មតិយោបល់