ព័ត៌មានជាតិ

ករណីរថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បុកអូសម៉ូតូប្រហែល ៦០ម៉ែត្រ បណ្ដាលឲ្យកម្មករម្នាក់រងរបួសធ្ងន់ និងបង្កជាអគ្គិភ័យឆាបឆេះ

កំពង់ឆ្នាំង: កាលពីវេលាម៉ោង ៥និង២៥នាទីព្រឹកទៀបភ្លឺឈានចូលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកអូសម៉ូតូប្រហែលចម្ងាយ ៦០ម៉ែត្រ បណ្ដាលឲ្យបែកផ្កាភ្លើងបង្កជាអគ្គិភ័យឆាបឆេះ ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ក្នុងចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ ភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

រថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3P.47 .14 ជារថយន្តដឹកជញ្ជូនរបស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ក្រោយកើតហេតុអ្នកបើកបរ ចុះរត់គេចបាត់ស្រមោល។
ម៉ូតូម៉ាក សង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយជនរងគ្រោះឈ្មោះ សេង សុភ័ក្ត្រា ជាកម្មករធ្វើផ្លូវក្រុមហ៊ុនជប៉ុន បណ្ដាល
ឲ្យរងរបួសធ្ងន់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ បានបុកអូសម៉ូតូជនរងគ្រោះ បណ្ដាលឲ្យបែកផ្កាភ្លើងបង្កជាអគ្គិភ័យឆាបឆេះ និងមានមនុស្សរងរបួសធ្ងន់។

ករណីនេះ ក្រោយពីកើតហេតុរថយន្តអគ្គិភ័យ ២គ្រឿងបានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ចំពោះវត្ថុតាង សមត្ថកិច្ចចុះដល់ទីតាំងធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់