ព័ត៌មានជាតិ

រថយន្តក្រឡុកបេតុងក្រុមហ៊ុនហូមម៉ាស្ទ័រគ្រប់ បើកលឿនបុករថយន្ត១គ្រឿង និងបង្គោលភ្លើងស្តុបចរាចរណ៍ រងការខូចខាត

ភ្នំពេញ: បុរសម្នាក់ បើករថយន្តក្រឡុកបេតុងរបស់ក្រុមហ៊ុន ហូមម៉ាស្ទ័រគ្រប់មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្ន ត្រង់ចំណុចផ្លូវបំបែក ក៏ជ្រុលទៅបុករថយន្តកាមរីគូទស្វិតមួយគ្រឿង ដែលបើកឆ្លងផ្លូវ ហើយបន្តទៅបុកបង្គោលភ្លើងស្តុបចរាចរណ៍ បណ្ដាលឲ្យបាក់អស់មួយដើម។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ១និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ត្រង់ចំណុច ស្តុប២៤ម៉ោង ស្ថិតតាម បណ្ដោយផ្លូវហាណូយ កែងនិងផ្លូវឧកញ្ញ៉ា ម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធមួយគូ បើកបររថយន្តមួយគ្រឿងម៉ាក កាមរីស្វិត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-6453 ធ្វើដំណើរពីលិចទៅកើត តាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងល្បឿនយ៉ាងលឿន ។
មកដល់ចំណុចកើតហេតុ រថយន្តខាងលើ ក៏បានបើកឆ្លងកាត់ផ្លូវហាណូយ ចំពេលដែលភ្លើងស្តុបលែងដំណើរការ នៅពេលនោះ ក៏ស្រាប់តែមានរថយន្តក្រឡុកបេតុងមួយគ្រឿងទៀត ម៉ាកហ៊្វុយហ្សូរ ពណ៌ស របស់ក្រុមហ៊ុនហូមម៉ាស្ទ័រគ្រប់ ពាក់ស្លាកលេខ ភ្នំពេញ5A-1348 បើកបរដោយបុរសម្នាក់ ក្នុងល្បឿនយ៉ាងលឿន តាមបណ្ដោយ ផ្លូវហាណូយ ក្នុងទិសពីត្បូងទៅជើង ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តកាមរីស្វិតខាងលើ ចំពាក់កណ្តាលពេញ បណ្ដាលឲ្យរងការខូចខាតក្រពឹតមួយចំហៀងខាងស្ដាំយ៉ាងដំណំ និងបណ្ដាលស្ត្រីដែលជាប្រពន្ធ រួមដំណើរលើរថយន្តខាងលើ រងរបួសបាក់ដងកាំបិតខាងស្ដាំ។

ដោយទ្បែករថយន្តបង្កនៅមិនទាន់អស់ល្បឿន ក៏បន្តជ្រុលទៅខាងមុខ បុកនឹងបង្គោលភ្លើងស្តុបចរាចរណ៍មួយដើម រួមជាមួយនឹងបង្គោលស្លាកលេខផ្លូវមួយដើម ដែលនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យបាក់រាបដល់ដី រីឯរថយន្តបង្កបានរងការខូចខាតក្រពឹតផ្នែកខាងមុខ ។
ភ្លាមៗនោះ ក៏មានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជន សម្ភពពន្លឺ បានមកធ្វើការដឹកស្ត្រីជនរងគ្រោះ ទៅសង្គ្រោះភ្លាមៗ ។ បន្ទាប់ មកក៏មានសមត្ថកិច្ចមូលដ្ឋាន ដែលប្រចាំការនៅគោលដៅ នោះ បានធ្វើការឃាត់ខ្លួនបុរស ដែលជាអ្នកបើកបររថយន្តបង្កផងដែរ។

ក្រោយពេលកើតហេតុ ក៏មានសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរគ្រឿង រួមទាំងអ្នកបើកបរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា ទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕

មតិយោបល់