ព័ត៌មានជាតិ

​​ប៉ូលិស​ចាប់ខ្លួន​ប្តីប្រពន្ធ​២នាក់ បញ្ជូនទៅតុលាការ រឿង​នាំមនុស្ស​៧នាក់ ទៅលក់នៅប្រទេសចិន

ភ្នំពេញៈ ក្រោយពីស្រាវជ្រាវឃាត់ខ្លួន បុរសជនជាតិចិន ជាប្តី និងនារីខ្មែរ ជាប្រពន្ធ ត្រូវបាន កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងការ ជួញដូរមនុស្ស និងការពារនីតិជនក្រសួងមហាផ្ទៃ បញ្ជូនខ្លួនទៅតុលាការ ពាក់ព័ន្ធ ករណី ជួញដូរមនុស្សទៅកាន់ប្រទេសចិន។

បើតាមសមត្ថកិច្ច ជនសង្ស័យទី១ឈ្មោះ ឈិន លាង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន ជាប្តី និងទី២ ឈ្មោះ អ៊ុក ចាន់ធូ ភេទស្រី អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ជាប្រពន្ធ មានទីលំនៅផ្ទះលេខ ៣៧ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

សមត្ថកិច្ច បានឃាត់ខ្លួនក្រុមជនសង្ស័យ បន្ទាប់ពីទទួលបានពាក្យបណ្តឹង របស់ជនរងគ្រោះម្នាក់ ក្នុងចំណោម ៧នាក់ ដែលរងគ្រោះដោយសារ ក្រុមជនសង្ស័យ បានត្រលប់មកប្រទេសកម្ពុជាវិញ។

យោងតាមសមត្ថកិច្ច បច្ចុប្បន្នមានជនរងគ្រោះ ចំនួន ៦នាក់ទៀត ដែលកំពុងត្រូវបាន ឃុំខ្លួន នៅប្រទេសចិន។

នៅអំឡុងចុងឆ្នាំ ២០១៧ ក្រុមជនសង្ស័យ ទាំង ២នាក់ ប្តីប្រពន្ធ បានទទួលការងារប្រមូល កម្មករ ចំនួន ៧នាក់ (ប្រុស ៤នាក់ ស្ត្រី៣នាក់) ពីប្រទេសខ្មែរ ឲ្យទៅធ្វើការងារក្នុងកាស៊ីណូ របស់ជនជាតិចិនឈ្មោះ អ៊ូ នៅសង្កាត់ ឃុនសាន ក្រុង ស៊ូចូវ ខេត្តជាំងស៊ូ ប្រទេសចិន ដោយសន្យាថា នឹងផ្តល់ប្រាក់ខែ ចំនួន ១២០០ដុល្លារក្នុង ១ខែ។

នៅពេលបញ្ជូនទៅដល់ប្រទេសចិន ក្រុមជនសង្ស័យ បាននាំយក ពលករខ្មែរ ទាំង ៧នាក់ទៅ ធ្វើការងារខុសការសន្យា និងបានលក់ជនរងគ្រោះ ជាស្ត្រីខ្មែរ ឲ្យទៅផ្ទះបនស្រី។

ប្រភពពីមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការ របស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់