ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធ ត្រូវម៉ូតូមួយគ្រឿងទៀត បើកទៅបុកចំពីមុខពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ដឹកយកទៅជួយសង្រ្គោះ ខាងមន្ទីរពេទ្យមិនទទួល ក៏ស្លាប់នៅលើកង់បី កាលពីវេលាម៉ោង ០០ និង ៣០ នាទីយប់ឈានចូលថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតតាមបណ្ដោយផ្លូវបេតុង ជាប់រោងចក្រចាន់សុវណ្ណ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ សឿង ឃឹម ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរ កម្មករសំណង់ មានប្រពន្ធនិងកូន ។ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នៅមុនពេលកើតហេតុ គេបានឃើញប្ដីប្រពន្ធពីរនាក់ បានជិះម៉ូតូមួយគ្រឿង មិនចាំផ្លាកលេខបានធ្វើដំណើរតាមបណ្តោយផ្លូវបេតុង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ជិតនិងរោងចក្រចាន់សុវណ្ណ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត មិនចាំម៉ាកបានជិះក្នុងល្បឿនលឿន ទិសដៅបញ្រ្ចាសគ្នា ទៅបុកចំពីមុខម៉ូតូជនរងគ្រោះពេញទំហឹង បណ្តាលឲ្យដួលរងរបួសធ្ងន់ ត្រូវប្រពន្ធជនរងគ្រោះ ហៅកង់បីដឹកយកទៅមន្ទីរពេទ្យ ជាច្រើនកន្លែង តែខាងមន្ទីរពេទ្យមិនទទួលនោះទេ ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់ នៅលើកង់បីតែម្តង បន្ទាប់មកក៏ដឹកសព មកកាន់កន្លែងកើតហេតុវិញ ដើម្បីរង់ចាំសមត្ថកិច្ចចុះមកពិនិត្យ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកដល់ ឲ្យប្រពន្ធជនរងគ្រោះ ទៅដាក់ពាក្យបណ្ដឹង ងាយស្រួលឆែកកាមេរ៉ា តាមរកជនបង្ក បន្ទាប់មកក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់