ព័ត៌មានជាតិ

Update៖ ម្ចាស់ចេញទៅធ្វើការ ស្រាប់តែមានករណីផ្ទុះនៅក្នុងបន្ទប់ជួល បណ្តាលឲ្យឆេះសម្ភារៈប្រើប្រាស់សរុប១ពាន់ដុល្លារ

ភ្នំពេញ: ករណីអគ្គិភ័យឆាបឆេះបន្ទប់ជួល របស់ប្រជាពលរដ្ឋទាំងព្រឹក បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩និង០០នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ស្ថិតនៅបន្ទប់ជួល ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ម្ចាស់បន្ទប់ជួលខាងលើ២នាក់ប្ដី ប្រពន្ធ ដែលប្តីមានឈ្មោះ សន ចាន់នី អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រផលិតអំពូល ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងមានស្រុកកំណើតនៅស្រុកគីរីវង់ ខេត្តតាកែវ និងប្រពន្ធឈ្មោះ គល់ ចាន់នី អាយុ២៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ដំបូលក្រហម មានស្រុកកំណើតនៅឃុំធ្លក ស្រុកទ្រាំង ខេត្តតាកែវ ។ ចណែកទ្រព្យសម្បត្តិនៅក្នុងបន្ទប់ ដែលត្រូវភ្លើងឆេះនោះ រួមមានគ្រឿងអលង្ការ និងសម្ភារ:ប្រើប្រាស់សរុប១ពាន់ដុល្លារ ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុ បានឲ្យដឹងថា ទីតាំងខាងលើជាបន្ទប់ជួល ដោយម្ចាស់បន្ទប់ពេលថ្ងៃចេញទៅធ្វើការអស់ រហូតដល់ពេលល្ងាចទើបនាំគ្នាត្រឡប់មកវិញ ដោយចាក់សោទ្វារបិទជិត ស្រាប់តែមកដល់ព្រឹកថ្ងៃកើតហេតុ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងកន្លែងកើតហេតុ បានលឺសំឡេងផ្ទុះចេញពីក្នុងបន្ទប់ជួលខាងលើ មួយសន្ទុះក្រោយមកក៏មានផ្សែងហុយចេញមកខាងក្រៅ ទើបនាំគ្នាផ្អើលឆោឡោទាញទុយោទឹក និងគាស់ដំបូលស័ង្កសី ដើម្បីបាញ់ពន្លត់រួចរាយការណ៍ ទៅអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចុះអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។

ហេតុការខាងលើពុំបង្កឲ្យមានអ្នករងរបួសឡើយ គ្រាន់តែខូចខាតសម្ភារ:ដែលនៅក្នុងបន្ទប់ ដែលម្ចាស់រវល់ទៅធ្វើការតែប៉ុណ្ណោះ ៕

មតិយោបល់