ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់ខ្សែរបង្គោលភ្លើងបំភ្លឺផ្លូវ

ភ្នំពេញ: យោងតាមផេករបស់ស្នងការដ្ឋាននគរបាលរាធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាត់យកខ្សែបង្គោលភ្លើងបំភ្លឺផ្លូវ នៅចំណុចក្រោមស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ឆៃលី សម្បត្តិ ហៅ ញ៉ាញ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ និងមុខរបរ មិនពិតប្រាកដ (មានផ្ទុកសារធាតុញៀន)។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៥:០០នាទីទៀបភ្លឺ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ស្ទឹងមានជ័យទី១ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ពេលល្បាតមកដល់ចំណុចកើតហេតុ ស្រាប់តែប្រទះឃើញជនសង្ស័យ កំពុងយកដង្កាប់ទៅកាត់ខ្សែភ្លើង ដែលតភ្ជាប់ទៅផ្ទាំងប៉ាណូ និងបង្គោលភ្លើងបំភ្លឺតាមដងផ្លូវ ឃើញដូចនោះសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនៅទីស្នាក់ការប៉ុស្តិ៍។

វត្ថុតាងចាប់យក៖ ដង្កាប់ចំនួន០២ដើម ជារបស់ជនសង្ស័យ និងខ្សែភ្លើងកាត់ផ្តាច់ជាកំណាត់ៗ មួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

 

មតិយោបល់