កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាល ជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំង ជំនាញស្រុក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងចុះពិនិត្យស្រាវជ្រាវ ក្រោយពីមានករណីឃាតកម្ម បាញ់ប្រហារទៅលើប្តីប្រពន្ធ២នាក់ បណ្ដាលឲ្យប្រពន្ធស្លាប់ រីឯប្តីរបួសធ្ងន់ ។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចរោងចាំទា ស្ថិតនៅព្រែកដូនឯម ក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាល បានឲ្យដឹងថា ជនរងគ្រោះ២នាក់៖ ទី១-ឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា (ស្លាប់នៅនឹងកន្លែងកើតហេតុ) (ធ្វើសំណាករកមេរោគកូវីដ-១៩ វិជ្ជមាន) និងទី២-ឈ្មោះ យឹម គឹមហុក ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា (របួសធ្ងន់) ។ ជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ។ ដោយឡែកវត្ថុតាងដកហូតបានមាន៖ សម្បកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់ ។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងចាំទារាល់យប់ លុះមកដល់ម៉ោងប្រហែល១រំលងអធ្រាត្រ ស្រាប់តែមានជនមិនស្គាល់មុខ ប្រដាប់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានបាញ់ប្រហារទៅលើ ជនងរងគ្រោះទាំង២នាក់ បណ្តាលឲ្យស្លាប់ប្រពន្ធ និងប្តីរបួសធ្ងន់ ។ លុះព្រឹកឡើងថ្ងៃទី០៥ ខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ ជាកូនបានជិះម៉ូតូមកជួយរើសពងទានៅរោង ស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសរបួសធ្ងន់ ភ្លាមនោះក៏រាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍តែម្ដង ។
ក្រោយពីទទួលបានព័ត៌មានខាងលើ ភ្លាមនោះកម្លាំងប៉ុស្តិ៍ និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធ និងបានរកឃើញសម្បកគ្រាប់កាំភ្លើងចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងស័ង្កសីចំនួន០២កន្លែងផងដែរ ។ ករណីខាងលើនេះ គឺជាអំពើឃាតកម្ម ។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញកសាងសំណុំរឿង ដើម្បីស្រាវជ្រាវ ចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់