ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌដង្កោ បានស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ ផ្តល់ទីតាំងអោយប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញាត ។ ប្រតិបត្តិការបានធ្វើឡើងកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី ត្រង់ចំណុចផ្លូវលំ សណ្ដរស្ទឹង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានឱ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ តន សារៈ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេរីដីដុះ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ សឹង ស៊ីណាត ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៣-ឈ្មោះ ឈួន ភីយ៉ាវ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៤-ឈ្មោះ ឃុត ស្រីកាត់ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ទី៥-ឈ្មោះ គិត ស្រីពេជ្យ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ និងទី៦-ឈ្មោះ ចន្ធិ ចាន់អេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ស្ថិតនៅភូមិអន្លងគងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លា ចំនួន៥១កញ្ចប់ថង់តូច (ធំ០១កញ្ចប់ថង់, តូច៥០កញ្ចប់ថង់តូច), កាំភ្លើងកែច្នៃ ចំនួន០២ដើម, ដាវកែច្នៃចំនួន០៣ដើម (ប្រវែង៣៧សង់ទីម៉ែត្រ ចំនួន០១ដើម, ប្រវែង៥០សង់ទីម៉ែត្រ ចំនួន០១ដើម, ប្រវែង៥៥សង់ទីម៉ែត្រ ចំនួន០១ដើម), សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ប្រអប់ដែកពណ៌ក្រហម ចំនួន០១, ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន, ទូរស័ព្ទចំនួន០៣គ្រឿង, ម៉ូតូចំនួន០៤គ្រឿង ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបន្តថា កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧និង៣០នាទី កម្លាំងសមត្ថកិច្ចខណ្ឌដង្កោដឹកនាំដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្ដស្រាវជ្រាវ បង្រាបមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ផ្តល់ទីតាំងឲ្យប្រើប្រាស់ និងកាន់កាប់អាវុធដោយគ្មានការអនុញាត (ដាវកែ ច្នៃចំនួន០១ដើម) ត្រង់ចំណុចផ្លូវលំ សណ្ដរស្ទឹង ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួន សង្ស័យចំនួន០២នាក់ បានធ្វើការត្រួតពិនិត្យ ឆែកឆេរ រកឃើញក្រាមពណ៌សថ្លាចំនួន៤៩កញ្ចប់ថង់តូច ជារបស់ឈ្មោះ តន សារៈ ដាក់ក្នុងប្រអប់ដែក ពណ៌ក្រហម ដែរសៀតនៅលើដំបូលរោង នៅជិតខ្លួនជនសង្ស័យ ទាំង០២នាក់ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរ នៅអធិការរដ្នាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង ។
ក្រោយពីការសាកសួរជនសង្ស័យ ឈ្មោះ តន សារៈ បានសារភាពប្រាប់សមត្ថកិច្ច អោយស្គាល់ពីអត្តសញ្ញាណជនសង្ស័យ ជាមុខសញ្ញាជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ចំនួន០៥នាក់ទៀត ។ លុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៣និង៣០នាទី សមត្ថកិច្ចបន្តឃាត់ខ្លួន បានជនសង្ស័យចំនួន០៤នាក់ ចំណែកឈ្មោះ ម៉ែន ធារ៉ា បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចបានធ្វើការ ឆែកឆេរ រកឃើញក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់ធំ ដាក់នៅក្នុងកញ្ចប់តែ រុំជាមួយរ៉ូបពណ៌ឈាមជ្រូកមានរូបផ្កា ព្យួរនៅជាប់ជញ្ជាំងបន្ទប់ទឹកក្នុងផ្ទះ ជារបស់ឈ្មោះ សឹង ស៊ីណាត ត្រូវជាប្រពន្ធ របស់ឈ្មោះ ម៉ែន ធារ៉ា និងរកឃើញចំនួន០១កញ្ចប់ថង់តូច នៅក្នុងបន្ទប់របស់ឈ្មោះ ឈួន ភីយ៉ាវ ដែលរូបគេបានដាក់នៅក្នុងហោប៉ៅ ខោមុខខាងស្ដាំ ហើយសមត្ថកិច្ចក៏បានឃាត់ខ្លួន ជនសង្ស័យទាំង០៦នាក់ខាងលើ យកមកធ្វើការសាកសួរ នៅអធិការរដ្នាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់តែម្តង ៕
មតិយោបល់