កណ្តាលៈ នៅថ្ងៃច័ន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៩និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តបុកម៉ូតូ បណ្តាលអោយស្រ្តីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១១០នៅចំណុចភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក TOYOTA HIGHLANDER ពណ៌ទឹកមាស ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខកណ្តាល 2C-8848 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ ដែលមានទិសដៅពីស្អាងទៅភ្នំពេញ តាមផ្លូវលេខ១១០ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកពីក្រោយម៉ូតូមួយគ្រឿងម៉ាក HONDA DREAM 125 ពណ៌ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខភ្នំពេញ 1FP-5428 បើកបរដោយឈ្មោះ ពែក ស្រីទូច ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ នៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើករថយន្តបានបើកអូសម៉ូតូទៅមុខទៀត រហូតមកដល់ចំណុចផ្លូវ60ម៉ែត្រស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំង៉ាយពីកន្លែងកើតហេតុប្រហែល 2000 ម៉ែត្រទើបឈប់ ។ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។
ក្រោយពេលកើតហេតុ រថយន្តនិងម៉ូតូ ត្រូវបានកម្លាំងជំនាញសណ្តាប់ធ្នាប់ ចរាចណ៍ស្រុកកៀនស្វាយ ធ្វើការវាស់វែង យកទៅ រក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ សាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ។
ករណីខាងលើនេះ បណ្តាលមកពីអ្នកបើកបររថយន្ត បើកបរធ្វេសប្រហែស ក្នុងល្បឿនលឿនមិនមានការប្រុងប្រយ័ត្ន មិនមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ ៕
មតិយោបល់